(ឡាអេ)៖ រឿងក៏គួរឲ្យតក់ស្លុតមួយបានកើតឡើង នៅឯតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICTY) ក្នុងទីក្រុងឡាអេ (Hague) នៃប្រទេសហូឡង់ នៅពេលដែលអតីតមេទ័ពក្លាយជាឧក្រិដ្ឋជនសង្រ្គាម លោក Slobodan Praljak បានផឹកថ្នាំពុលដើម្បីផ្តាច់ជីវិតខ្លួនឯងនៅក្នុងបន្ទប់សវនាការ ស្របពេលដែលចៅក្រមសម្រេចតម្កល់ទុកសាលក្រម កាត់ទោសឲ្យរូបលោកជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ភ្លាមៗបន្ទាប់ពី ICTY បានសម្រេចតម្កល់ការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ដដែលនោះ លោក Praljak បានក្រោកឈរឡើង រួចផឹកសារធាតុម៉្យាងពីដបកែវតូចមួយ។ អតីតមន្រ្តីយោធាជាន់ខ្ពស់របស់ប្រទេសក្រូអាតរូបនេះ ក៏បាននិយាយថា «ខ្ញុំទើបតែផឹកថ្នាំពុល។ ខ្ញុំមិនមែនជាឧក្រិដ្ឋជនសង្រ្គាមនោះឡើយ ហើយសូមជំទាស់ចំពោះសាលក្រមវិនិច្ឆ័យនេះ»។
ភ្លាមៗនោះដែរ ប្រធានចៅក្រម លោក Agius ក៏បានផ្អាកសវនាការជាបន្ទាន់ ហើយលោក Praljak ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាប្រញាប់ ក៏ប៉ុន្តែលោក Praljak ក៏បានលាចាកលោកនៅឯមន្ទីរពេទ្យតែម្តង។
គួរជម្រាបថា លោក Slobodan Praljak ដែលជាអតីតជំនួយការរដ្ឋមន្រ្តីការពារជាតិក្រូអាត ត្រូវបានតុលាការ ICTY របស់អង្គការសហប្រជាជាតិ កាត់ទោសពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ កាលពីសម័យសង្រ្គាម Bosnia ចន្លោះឆ្នាំ១៩៩១ និងឆ្នាំ១៩៩៤ ដែលកាលនោះរូបលោក មានតួនាទីជាមេបញ្ជាការកងទ័ព៕