(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ឱ្យផ្ដោតសំខាន់​លើពួកភេរវករ​នៅក្នុងចក្រភពអង់គ្លេស​ បន្ទាប់ ពីលោកស្រី​បានរិះគន់រូបលោក​សម្រាប់ការចែករំលែក​វីដេអូប្រឆាំង​នឹង អ្នកកាន់សាសនាអ៊ីស្លាម នៅលើបណ្ដាញ Twitter របស់លោក​កាលពី​ថ្ងៃពុធ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ថ្លែងនៅលើ Twitters លោក ដូណាល់ ត្រាំ បានលើក​ឡើងយ៉ាងដូច្នេះ​ថា «កុំផ្ដោត​សំខាន់​លើខ្ញុំ តែអ្នកគួរតែផ្ដោត​សំខាន់លើការកម្ទេច ពួកភេរវករជ្រុលនិយម​ដែលកំពុង ធ្វើសកម្មភាព​នៅក្នុងចក្រភព​អង់គ្លេស»។ ភាពចម្រូងចម្រាស​បានផ្ទុះឡើង កាលពីថ្ងៃពុធ ម្សិលមិញ​ក្រោយលោក ដូណាល់ ត្រាំ បានចែករំលែកបន្តដល់ទៅបីដង​នូវវីដេអូ​ប្រឆាំង អ្នកកាន់សាសនា​អ៊ីស្លាម បង្ហោះដំបូងដោយ​អ្នកនយោបាយ​ស្ដាំនិយមជ្រុល​អង់គ្លេសម្នាក់ គឺលោកស្រី Jayda Fransen នៅលើ Twitter របស់លោក​ដែលមានតាម​ដាន​ជាង ៤០លាននាក់។

ប៉ុន្តែទន្ទឹមគ្នានោះដែរ អ្នកនាំពាក្យនាយករដ្ឋមន្រ្តី​អង់គ្លេស​បាននិយាយ​ថា ការធ្វើបែបនេះ​របស់លោក ដូណាល់ ត្រាំ គឺជាកំហុសឆ្គង​មួយ ខណៈ​លោកស្រី Fransen កំពុងព្យាយាម​បំបែកបំបាក់សហគមន៍​នានា តាមរយៈការញុះញង់​បង្កភាពស្អប់ខ្ពើម​ពោរពេញ​ដោយការបោកប្រាស់ និងបង្កជាភាពតាន​តឹង»។

គួរបញ្ជាក់ថា លោកស្រី Fransen ត្រូវបានគេចោទ​ប្រកាន់នៅក្នុងចក្រភព​អង់គ្លេសថា បានប្រើប្រាស់ការ​គំរាមកំហែង ការរំលោភបំពាន និងការប្រមាថ​មើលងាយជា​មួយនឹងពាក្យពេចន៍ តាមរយៈវីដេអូ​ ដែលលោកស្រីបានបង្ហោះបង្ហាញ​ពីសកម្មភាពជនអន្តោប្រវេសន៍​មូស្លីម​ម្នាក់ វាយប្រហារលើបុរសម្នាក់​ជាអ្នកកាន់​សាសនាគ្រិស្ដ៕