(ប៉ារីស)៖ រដ្ឋាភិបាលបារាំងបានប្រកាសថ្កោលទោស «ជាមួយនឹងភាពម៉ឺងម៉ាត់បំផុត» ទៅលើការបាញ់សាកល្បងគ្រាប់មីស៊ីលថ្មី ដោយប្រទេសកូរ៉េខាងជើង ហើយបានស្នើជាថ្មីម្តងទៀត ឲ្យមានការដាក់ទណ្ឌកម្មបន្ថែម លើកូរ៉េខាងជើង, នេះបើយោងតាមសារព័ត៌មានស៊ិនហួរ ចេញផ្សាយនាយប់ថ្ងៃទី២៩ ខែវិច្ឆិកានេះ។

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean Yves Le Drian បានឲ្យដឹងតាមសេចក្តីថ្លែងការណ៍មួយថា ទង្វើរបស់កូរ៉េខាងជើង «គឺបានបំពានសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ, ដែលធ្វើឲ្យអន្តរាយដល់សន្តិសុខក្នុងតំបន់ និងអន្តរជាតិ»។ លោកបន្តថា «វាដល់ពេលវេលា ដើម្បីបង្កើនសម្ពាធ និងទណ្ឌកម្ម ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង»។

​សហភាពអឺរ៉ុប បានចាត់ទុកសកម្មភាពនេះគឺជា «ការបំពានបន្ថែមទៀតដែលមិនអាចទទួលយកបាន» នៃកាតាព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានធ្វើកិច្ចប្រជុំជាបន្ទាន់ នៅរសៀលថ្ងៃពុធ ដើម្បីពិភាក្សាលើការបាញ់សាកល្បងគ្រាប់មីស៊ីល អន្តរទ្វីប ចុងក្រោយបំផុត របស់កូរ៉េខាងជើងនេះ។

សូមជំរាបថា កូរ៉េខាងជើង បានបាញ់សាកល្បងដោយជោគជ័យ នូវគ្រាប់មីស៊ីល ដែលខ្លួនទើបតែអភិវឌ្ឍន៍ឡើងថ្មី នាព្រឹកថ្ងៃពុធនេះ ហើយប្រកាសថា មីស៊ីលជាមួយបច្ចេកវិទ្យាថ្មីនេះអាចបាញ់ដល់គ្រប់ទីតាំងនៃសហរដ្ឋអាមេរិក៕