(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុនបានឯកភាពគ្នាថានឹងស្វែងរកការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងកូរ៉េខាងជើង ដោយថែមទំាងអះអាងថាសកម្មភាពបង្ករឿងរបស់ទីក្រុង ព្យុងយ៉ាងគឺជារឿងមិនអាចអត់ឱនឱ្យបាន។ នេះបើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Young-chan បានបញ្ជាក់ដូច្នេះថា៖«លោកប្រធានាធិបតី មូន ជែអ៊ីន និងនាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូ អាបេ បានសម្រេចចិត្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការបង្កើនការដាក់សម្ពាធ និងទណ្ឌកម្មប្រឆាំងនឹងរបបដឹកនាំទីក្រុង ព្យុងយ៉ាង ហើយមិនតែប៉ុណ្ណោះ មេដឹកនាំទំាងពីរក៏បានឯកភាពគ្នាដែរថានឹងមិនអត់ឱនឱ្យឡើយចំពោះការគំរាមកំហែងនិងសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង»។ ដោយឡែក ជុំវិញការធ្វើតេស្ដមីស៊ីលនៅព្រឹកមិញនេះដែរ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងនឹងបើកកិច្ចប្រជុំជាបន្ទាន់មួយនៅរសៀលថ្ងៃពុធ (ម៉ោងក្នុងទីក្រុងញូយ៉ក) ដើម្បី ពិភាក្សាលើវិធានការឆ្លើយតបនឹងការបាញ់សាកល្បងមីស៊ីលលើកចុងក្រោយរបស់កូរ៉េខាងជើង។ កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងតបតាមសំណើពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។

គួរបញ្ជាក់ថា លោក មូន ជែអ៊ីន និងលោក ស៊ីនហ្សូ អាបេ បានពិភាក្សាគ្នាតាមទូរស័ព្ទជាង២០នាទី នៅថ្ងៃពុធនេះ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ICBM ប្រភេទថ្មីឈ្មោះ Hwasong-15 ដែលបានហោះដល់រយៈកម្ពស់ ៤,៤៧៥ គីឡូម៉ែត្រ និងបានចំងាយ ៩៥០គីឡូម៉ែត្រក្នុងរយៈពេល៥៣នាទីមុននឹងធ្លាក់ចូលតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ជប៉ុននៅឯសមុទ្រខាងកើត៕