(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កូរ៉េខាងជើង នៅព្រឹកថ្ងៃពុធនេះ បានអះអាងថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលឆ្លងទ្វីប ICBM ប្រភេទថ្មីឈ្មោះ Hwasong-15 ដែលបានហោះដល់ រយៈកម្ពស់ ៤,៤៧៥ គីឡូម៉ែត្រ និងបានចំងាយ ៩៥០គីឡូម៉ែត្រ ក្នុងរយៈពេល ៥៣នាទី មុននឹងធ្លាក់ចូលតំបន់សេដ្ឋកិច្ចផ្ដាច់មុខជប៉ុននៅឯសមុទ្រខាងកើត៕

២៖ តុលាការថ្នាក់តំបន់ក្នុងរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា នាថ្ងៃពុធនេះ បានសម្រេចកាត់ទោសប្រហារជីវិតបុរស ០៣នាក់ ពីបទរំលោភសេពសន្ធវៈ និងឃាតកម្មទៅលើយុវតីវ័យ១៥ឆ្នាំម្នាក់៕

៣៖ ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Miteb bin Abdullah ដែលស្ថិតនៅក្នុងចំណោមអ្នកជាប់ឃុំ ក្នុងសណ្ឋាគារផ្កាយប្រាំ Ritz-Carlton ក្នុងទីក្រុងរីយ៉ាដ ពីបទពុករលួយត្រូវបាន អនុញាតឱ្យនៅក្រៅឃុំ បន្ទាប់ពីយល់ព្រមបង់ប្រាក់ជាង១ពាន់លានដុល្លារ ជាថ្នូរផ្សះផ្សាជាមួយអាជ្ញាធរអារ៉ាប៊ីសាអូឌីត៕

៤៖ ព្យុះចម្លែកខ្លះៗនៅលើភពព្រហស្បតិ៍ (Jupiter) ពិតជាមានលក្ខណៈស្មុគស្មាញមែនទែន ហើយកាលពីខែមុន ព្យុះកួចដ៏ខ្មួរលខ្មាញ់នេះ ត្រូវយានអវកាស Juno របស់អង្គការ NASA ដែលបច្ចុប្បន្ន កំពុងធ្វើដំណើរគោចរជុំវិញភពដ៏ធំជាងគេបង្អស់ នៅក្នុងប្រព័ន្ធព្រះអាទិត្យមួយនេះ ថតយករូបភាពដ៏ល្អមួយបាន និងជាប់ជារូបល្អបំផុត នៃទីអវកាសកាលពីសប្តាហ៍មុនផងដែរ៕

៥៖ ក្រោយពីតំបន់កាតាឡាន (Catalonia) ប្រកាសឯករាជ្យមិនបានជោគជ័យ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក Mariano Rajoy បានទាត់ចោលសំណើរបស់ អតីតមេដឹកនាំកាតាឡាន លោក Carles Puigdemont ដែលបានលើកឡើងថា តំបន់ស្វយ័តនេះ គួរតែចាកចេញពីសហភាពអឺរ៉ុប៕

៦៖ ជនសង្ស័យជាក្រុមឧទ្ទាមកុម្មុយនិស្តចំនួន ១៥នាក់ បានស្លាប់ និង០២នាក់ទៀតរងរបួស នៅក្នុងការប៉ះទង្គិចគ្នាដ៏ក្តៅគគុកមួយ ជាមួយនឹងកងទ័ពរដ្ឋាភិបាលហ្វីលីពីន នៅភាគកណ្តាលប្រទេស៕