(ហ្ស៊ីមបាវេ)៖ ប្រធានាធិបតីថ្មីរបស់ប្រទេស ហ្ស៊ីមបាវេ លោក Emmerson Mnangagwa ត្រូវបានគេដាក់រហស្សនាមថា «សត្វក្រពើ»។ ក្រពើជាប្រភេទសត្វគួរឱ្យខ្លាច តែត្រូវបានគេគោរពក្នុងតំបន់អាហ្វ្រិក។ តាមទម្លាប់សត្វក្រពើតែងតែសង្ងំលាក់ខ្លួនក្នុងទឹក រង់ចាំចំណីរបស់ខ្លួនដោយភាពអត់ធ្មត់បំផុត។ សត្វម្រឹគទាំងអស់ត្រូវដឹងថា នៅពេលដែលពួកវាចុះផឹកទឹក ច្បាស់ជាត្រូវសត្វក្រពើត្របាក់ខាំជាមិនខាន។
ហេតុនេះសត្វក្រពើ មិនខុសអីពី លោក Emmerson Mnangagwa នោះទេ លោកតែងតែរង់ចាំឱកាសមាសមកដល់ ដើម្បីច្បាមយកឱកាសនោះភ្លាមតែម្តង។ បច្ចុប្បន្នបុរសដែលឆ្លាតដូចជាសត្វក្រពើរូបនេះ ក្រោមការពារពីកម្លាំងយោធាយ៉ាងកក់ក្តៅ បានបញ្ជូនអតីតប្រធានាធិបតី Robert Mugabe ឱ្យចូលនិវត្តន៍ ព្រមទាំងផ្តាច់ដង្ហើមនយោបាយរបស់ លោកស្រី Grace Mugabe ដែលជាភរិយា និងសម្ព័ន្ធមិត្តទាំងអស់។
ប្រជាពលរដ្ឋហ្ស៊ីមបាវេទាំងអស់ ពិតដឹងច្បាស់ពីអតីតកាលរបស់ លោក Mnangagwa និងអ្វីដែលលោកអាចធ្វើបាន។ ប្រធានាធិបតីរូបនេះ ធ្លាប់កាន់ដំណែងជាភ្នាក់ងារស៊ើបការណ៍ ជារដ្ឋមន្ត្រីការពារជាតិ និងជារដ្ឋមន្ត្រីយុត្តិធម៌ ខណៈដែលរដ្ឋជួបវិបត្តិ។ ក្រៅពីគុណសម្បត្តិដ៏មហាសាល លោកក៏ធ្លាប់មានការប្រឡាក់ដិតដាម ដោយការចោទប្រកាន់ថា មានពាក់ព័ន្ធនឹងការសម្លាប់រង្គាល ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ផងដែរ។
ជាមួយគ្នានេះសមាជិកបក្សប្រឆាំងបានលើកឡើងថា លោកជាមេផ្សំគំនិតនៃការបោះឆ្នោតក្លែងបន្លំ ប្រព្រឹត្តិអំពើហិង្សា និងលួចកិបកេងធនធានធម្មជាតិក្នុងប្រទេស។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលជាច្រើនឆ្នាំមុន នាយកដ្ឋានសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មទៅលើ លោក Mnangagwa និងបុគ្គលសំខាន់ៗជាច្រើនរូបទៀត ជាការឆើ្លយតបនឹងអ្វីដែលអាមេរិកហៅថា «សកម្មភាពបំពានសិទ្ធមនុស្ស ទៅលើបក្សប្រឆាំង» ហើយការដាក់ទណ្ឌកម្មទាំងនោះ នៅតែអនុវត្តដល់បច្ចុប្បន្ន។
ជាការពិតប្រធានាធិបតីថ្មីរូបនេះ ពិតជាចង់ផ្តល់ក្តីរំភើបដល់ប្រជាពលរដ្ឋ ខណៈដែលលោកកំពុងកាច់ចង្កូតលើវិថីថ្មីមួយ។ លោកចាំបាច់ត្រូវបង្ហាញអ្វីដែលលោកធ្វើ ឱ្យខុសប្លែកពីអតីតប្រធានាធិបតីមុន។ ហេតុនេះប្រជាពលរដ្ឋហ្ស៊ីមបាវេ នឹងអបអរលោក នៅពេលដែលលោកលើកឡើងអំពីការងារ ឬសន្តិភាពជាដើម។
ដំណាក់កាលនេះ ត្រូវបានប្រជាពលរដ្ឋហ្ស៊ីមបាវេចាត់ទុកថា ជារាត្រីចន្ទទឹកឃ្មុំសម្រាប់ពួកគេ ខណៈដែលមនុស្សជាច្រើនមានបំណងចង់ឃើញ ការដឹកនាំរបស់ប្រធានាធិបតីថ្មីរូបនេះ។ ពួកគេមានបំណងចង់ផ្តល់ឱកាសដល់លោក ដោយសង្ឃឹមថា លោកនឹងដឹកនាំប្រជាជាតិទាំងមូលយ៉ាងល្អប្រសើរ ដោយមិនមែនត្រឹមតែជាមេដឹកនាំបក្ស Zanu PF ប៉ុណ្ណោះនោះទេ។ ប្រជាពលរដ្ឋហ្ស៊ីមបាវេ កំពុងតែងប់ងល់នឹងស្ថានភាពថ្មី ដោយគិតថាសុបិន្តអាក្រក់នៃសម័យកាលរបស់ លោក Mugabe ត្រូវបានរលុបបាត់។
ក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ប្រជាពលរដ្ឋ លោក Mnangagwa បានចាប់ផ្តើមជាមួយនឹងការផ្តល់សំណើដ៏ល្អមួយ ដោយលើកឡើងថា សម្រាប់ប្រជាកសិករដែលមានដីធ្លី ត្រូវបានរឹបអូសក្រោមការដឹកនាំរបស់ លោក Mugabe នឹងទទួលបានសំណង ហើយលោកចង់ផ្តួលរំលំចោលនូវ រដ្ឋាភិបាលពុករលួយទាំងអស់។ ប៉ុន្តែក្នុងនាមជាប្រធានាធិបតីម្នាក់ មិនមែនងាយស្រួលនោះទេ នៅមានកិច្ចការស្មុគស្មាញ និងសំណួរជាច្រើន ដែលកំពុងរង់ចាំប្រធានាធិបតីថ្មីរូបនេះ ដោះស្រាយ និងឆ្លើយតប។
តើលោកនឹងដកគំនាបច្បាប់ ដែលរឹតបន្តឹងទៅលើវិស័យសារព័ត៌មាន ឬទេ? ហើយថាតើលោកអនុញ្ញាតឱ្យអ្នកកាសែត និងអ្នកបោះពុម្ភបំពេញការងាររបស់ខ្លួន ដោយគ្មានក្តីភ័យខ្លាចថា នឹងត្រូវបានចាប់ខ្លួនដែរ ឬទេ? តើលោកនឹងដាក់ទណ្ឌកម្មទៅលើអ្នកដែលបានរិះគន់ ប្រធានាធិបតីដូចជាមេដឹកនាំចាស់ដែរ ឬទេ? ចុះចំណែកច្បាប់ដែលបន្តដាក់កម្រិត ទៅលើអ្នកវិនិយោគបរទេសវិញយ៉ាងណាដែរ?
និយាយពីសំណូមពរចង់បានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក៏មានសារៈសំខាន់ដូចគ្នា។ ហេតុនេះការចុះឈ្មោះបោះឆ្នោត ចាំបាច់ត្រូវការពង្រីកបន្ថែម ព្រមទាំងលុបបំបាត់ការក្លែងបន្លំសន្លឹកឆ្នោត។ សហគមន៍អន្តរជាតិត្រូវតែទទួលបាន ការអនុញ្ញាតដើម្បីចូលអង្កេតការបោះឆ្នោតនេះផងដែរ។
អ្នកដែលស្គាល់ លោកMnangagwa បានលើកឡើងថា លោកជាបុគ្គលដែលចូលចិត្តដោះស្រាយបញ្ហា ដោយយោងទៅតាមអ្វីដែលខ្លួនបានស្តាប់លឺ។ ប៉ុន្តែអ្វីដែលគួរបារម្ភ តើលោកបានលឺរាល់សំណូមពរ របស់ប្រជាពលរដ្ឋហ្ស៊ីមបាវេទាំងអស់ ដែលលើកឡើងនូវបំណងរបស់ខ្លួន នៅតាមដងផ្លូវ ឬទេ? តើលោកបានស្តាប់អំពីការខកបំណងរបស់អ្នកវិនិយោគបរទេស ដែលបណ្តាក់ទុនក្នុងប្រទេសលោកដែរ ឬទេ? តើលោកនឹងផ្តល់សិទ្ធិបោះឆ្នោត ដល់ប្រជាពលរដ្ឋហ្ស៊ីមបាវេ រាប់លាននាក់ ដើម្បីចូលរួមបោះឆ្នោត ឬទេ?
ប្រជាពលរដ្ឋហ្ស៊ីមបាវេគិតថា ការផ្លាស់ប្តូរបានមកដល់។ ប៉ុន្តែក្នុងដំណាក់កាលនេះ ការផ្លាស់ប្តូរដែលបានកើតឡើង មានតែម្យ៉ាងប៉ុណ្ណោះគឺ លោក Mugabe ភរិយា និងសម្ព័ន្ធមិត្តរបស់ពួកគេ ត្រូវបានដកចេញពីអំណាច ចំណែកសមិទ្ធិផលផ្សេងទៀត មិនទាន់លេចរូបរាងនៅឡើយ ខណៈដែលការកាន់អំណាចទើបតែចាប់ផ្តើម។
អ្នកវិភាគម្នាក់បានលើកឡើងថា «ជនផ្តាច់ការត្រូវបានដកចេញទៅហើយ ប៉ុន្តែកុំភ្លេចថា របបផ្តាច់ការនៅតែបន្តចាក់ឬសនៅឡើយ»។ ហេតុនេះ អ្វីដែលប្រជាពលរដ្ឋហ្ស៊ីមបាវេអាចធ្វើបាន គឺរង់ចាំមើលការដឹកនាំរបស់ប្រធានាធិបតីថ្មី ជាមួយនឹងសំណួរថា តើលោកអាចនាំអ្វី ដែលប្រសើរជាងមុនដល់ប្រទេសហ្ស៊ីមបាវេដែរ ឬទេ?
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា