ព័ត៌មានក្តៅ! តុលាការឥណ្ឌា «កាត់ទោសប្រហារជីវិតបុរស ០៣នាក់» ក្នុងករណីរំលោភសេពសន្ធវៈ និងឃាតកម្មលើក្មេងស្រីវ័យ ១៥ឆ្នាំ...
29-11-2017 16:16
(ញូដេលី)៖ តុលាការថ្នាក់តំបន់ក្នុងរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា នាថ្ងៃពុធនេះ បានសម្រេចកាត់ទោសប្រហារជីវិតបុរស ០៣នាក់ ពីបទរំលោភសេពសន្ធវៈ និងឃាតកម្មទៅលើយុវតីវ័យ ១៥ឆ្នាំម្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
កាលពីខែកក្កដា ឆ្នាំ២០១៦ បុរសទាំង០៣ ដែលស្ថិតក្នុងវ័យខ្ទង់ ២០ឆ្នាំដូចគ្នា បានប្រព្រឹត្តសកម្មភាពរំលោភសេពសន្ធវៈ ទៅលើយុវតីរងគ្រោះ នៅក្នុងភូមិ Kopardi នៃស្រុក Ahmednagar ចម្ងាយប្រហែល ៣០២គីឡូម៉ែត្រ ភាគខាងកើតទីក្រុង Mumbai ដែលជារដ្ឋធានីរបស់រដ្ឋ Maharashtra។
គួរជម្រាបថា ឧប្បត្តិហេតុខាងលើបានបង្កឲ្យមានការខឹងសម្បារជាខ្លាំង ពីសំណាក់សាធារណជន នៅទូទាំងរដ្ឋ ដោយប្រជាជនរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មតវ៉ាពាសពេញដងផ្លូវ ខណៈដែលការរំលោភបំពានផ្លូវភេទ បានក្លាយជាប្រធានបទក្តៅគគុក នៅក្នុងប្រទេសមហាយក្សទីពីរនៅអាស៊ី ដែលមានចំនួនប្រជាជនជា ១.២ពាន់លាននាក់មួយនេះ៕