(រីយ៉ាដ)៖ ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអូឌីត Miteb bin Abdullah ដែលស្ថិតនៅ​ក្នុងចំណោមអ្នក​ជាប់ឃុំ ក្នុងសណ្ឋាគារផ្កាយប្រាំ Ritz-Carlton ក្នុងទីក្រុងរីយ៉ាដ ពីបទពុករលួយ​ត្រូវបាន អនុញាតឱ្យ​នៅក្រៅឃុំ​ បន្ទាប់ពីបាន​យល់ព្រមទទួល​យកការផ្សះផ្សា​ ជាមួយអាជ្ញាធរ​អារ៉ាប៊ីសាអូឌីត។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមអាជ្ញាធរ​អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Miteb bin Abdullah មានព្រះជន្ម ៦៥វស្សា បានយល់ព្រម​បង់ប្រាក់​ជាង ០១ពាន់លានដុល្លារ និងព្រមទទួល​យកការចោទ​ប្រកាន់ពី បទពុករលួយ​ ដើម្បីជាថ្នូរនឹង​ការដោះលែងឱ្យ​មានសេរីភាព។ ប៉ុន្តែ​ពុំមានព័ត៌មាន​ជាក់លាក់ណាមួយ​បញ្ជាក់ថា ព្រះអង្គ​ត្រូវបានគេ​ដោះលែង ឬបញ្ជូនទៅ​កាន់កន្លែង​ផ្សេងទៀត ឬក៏កំពុង​ជាប់ឃុំ​នៅក្នុងផ្ទះ ឬក៏យ៉ាងណា​នោះទេ ខណៈមនុស្ស ០៣នាក់ ផ្សេងទៀត​ក៏ត្រូវគេជឿជាក់​ថា អាចនឹងត្រូវ​បានដោះលែង​ផងដែរ។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Miteb bin Abdullah​ គឺជាបុត្រាមួយ​អង្គនៃអតីត​ស្ដេច Abdullah ហើយក៏ជាបេក្ខជន​ដែលធ្លាប់ត្រូវបាន​គេរំពឹងខ្ពស់ថា អាចនឹងគ្រងរាជ្យ​ជាសេ្ដច​អារ៉ាប៊ីសាអូឌីត។ ព្រះអង្គម្ចាស់​រូបនេះ រួមទាំងរដ្ឋមន្ត្រី មហាសេដ្ឋី និងព្រះអង្គម្ចាស់​ជាច្រើនអង្គ ត្រូវបានអាជ្ញាធរ​ចាប់ខ្លួន នៅក្នុងក្របខ័ណ្ឌ​នៃយុទ្ធនាការកម្ចាត់​អំពើពុករលួយ​ ដឹកនាំដោយ ព្រះអង្គម្ចាស់​រាជទាយាទ Mohammed bin Salman កាលពីដើម​ខែវិច្ឆិកា​កន្លងទៅ ដែលគេមើល​ឃើញថា គឺជាយុទ្ធសាស្ត្រមួយ​របស់ព្រះអង្គ ក្នុងការពង្រឹង​អំណាចមុននឹង​ឡើង សោយរាជ្យ៕