(អូស្រ្ដាលី)៖ រដ្ឋ Victoria បានក្លាយជារដ្ឋដំបូងគេបំផុតនៅក្នុងប្រទេសអូស្រ្ដាលី ដែលបានផ្ដល់ភាពស្របច្បាប់ឱ្យអ្នកជំងឺមានសិទ្ធិធ្វើអត្តឃាតខ្លួនឯង។ ច្បាប់ជាប្រវត្តិសាស្ត្រនេះត្រូវបាន អនុម័តបន្ទាប់ពីមានការជជែកដេញដោល អស់រយៈពេលជាង ១០០ម៉ោង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជុំវិញការអនុម័តនេះដែរ បើតាមអភិបាលរដ្ឋ Victoria លោក Daniel Andrews ច្បាប់ថ្មីនេះបានកំណត់ថា អ្នកជំងឺស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ រស់នៅក្នុងរដ្ឋមួយនេះនឹង មានសិទ្ធិស្នើឱ្យក្រុមគ្រូពេទ្យ «ចាក់ថ្នាំសម្លាប់រូបគេ» ចាប់ពីពាក់កណ្ដាលឆ្នាំ២០១៩ តទៅ។ ប៉ុន្តែជាការអនុវត្តការស្នើសុំនេះ អ្នកជំងឺទាំងអស់ត្រូវតែមានអាយុ ១៨ឆ្នាំឡើង និងមានរយៈ ពេលដែលអាចរស់នៅ មិនលើស ០៦ខែទៀត ក្នុងស្ថានភាពជំងឺពួកគេ។
លោក Daniel Andrews បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជាមោទនភាពណាស់ ដែលយើងបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ នៅក្នុងសភា និងគោលនយោបាយ របស់យើង... ខ្ញុំយល់ថា គោលនយោបាយនេះ គឺល្អបំផុតសម្រាប់រដ្ឋ Victoria និងប្រទេសជាតិយើង»។
គួរបញ្ជាក់ថា ផ្អែកលើច្បាប់ថ្មីនេះ គឺសម្រាប់អនុវត្តលើអ្នកជំងឺឈឺធ្ងន់ធ្ងរតែប៉ុណ្ណោះ ហើយដើម្បីទទួលបានការអនុញ្ញាត អ្នកជំងឺត្រូវតែស្នើសុំសំណើចំនួនបី ទៅកាន់ក្រុមគ្រូពេទ្យក្នុងការ បញ្ចប់ជីវិតរបស់ពួកគេ រីឯក្រុមគ្រូពេទ្យជំនាញត្រូវពិនិត្យយ៉ាងហ្មត់ចត់ លើរាល់សំណើ ខណៈការបង្ខំឱ្យអ្នកជំងឺបញ្ចប់ជីវិត គឺជាបទឧក្រិដ្ឋ៕