(ម៉ានីល)៖ ជនសង្ស័យជាក្រុមឧទ្ទាមកុម្មុយនិស្តចំនួន ១៥នាក់ បានស្លាប់ និង០២នាក់ទៀតរងរបួស នៅក្នុងការប៉ះទង្គិចគ្នាដ៏ក្តៅគគុកមួយ ជាមួយនឹងកងទ័ពរដ្ឋាភិបាលហ្វីលីពីន នៅភាគកណ្តាលប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោធាហ្វីលីពីនក៏បានបញ្ជាក់ដែរថា ពលទាហានចំនួន ០៥រូប ក៏បានទទួលរងរបួសផងដែរ នៅក្នុងការប៉ះទង្គិចគ្នាខាងលើ ដែលបានកើតឡើងកាលពីលាម៉ោងប្រមាណ ៨៖២០នាទីយប់ថ្ងៃអង្គារម្សិលមិញ។ កម្លាំងយោធា ធ្វើការរឹបអូសបានសព្វាវុធ ១២គ្រឿង ពីក្រុមឧទ្ទាមដែលមានឈ្មោះកាត់ NPA ខណៈពួកគេកំពុងធ្វើដំណើរតាមរថយន្តមួយគ្រឿង ប្រភេទ Jeepney នៅពេលដែលពួកគេ បានរងការវាយប្រហារពីក្រុមកងទ័ព។
គួរជម្រាបថា ឧប្បត្តិហេតុខាងលើ បានកើតមានឡើងនៅប្រមាណជាប៉ុន្មានថ្ងៃក្រោយពី ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានលុបចោលកិច្ចចរចាស្វែងរកសន្តិភាពរបស់រដ្ឋាភិបាល ជាមួយនិងក្រុមឧទ្ទាមនេះ៕