នាយករដ្ឋមន្ត្រីអេស្ប៉ាញ «ទាត់ចោលការលើកឡើងថា តំបន់ Catalonia គួរតែចេញពីសហភាពអឺរ៉ុប»
29-11-2017 12:05
(ម៉ាឌ្រីត)៖ ក្រោយពីតំបន់កាតាឡាន (Catalonia) ប្រកាសឯករាជ្យមិនបានជោគជ័យ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក Mariano Rajoy បានទាត់ចោលសំណើរបស់ អតីតមេដឹកនាំកាតាឡាន លោក Carles Puigdemont ដែលបានលើកឡើងថា តំបន់ស្វយ័តនេះ គួរតែចាកចេញពីសហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Puigdemont បានលើកជាសំណើខាងលើ នៅក្នុងបទសម្ភាសន៍មួយពីប្រទេសប៊ែលហ្សិក ជាទីដែលលោកកំពុងស្ថិតនៅនាពេលបច្ចុប្បន្ន សម្រាប់អំឡុងពេលនៃដំណើរការនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងការបញ្ជូនរូបលោក ទៅកាន់អេស៉្បាញវិញ ជាទីដែលអតីតមេដឹកនាំកាតាឡានរូបនេះ ប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនករណី ទាក់ទិននឹងការធ្វើប្រជាមតិ ដើម្បីទាមទារឯករាជ្យរបស់លោក កាលពីថ្ងៃទី០១ ខែតុលា និងការប្រកាសឯករាជ្យជាឯកតោភាគីកាលពីថ្ងៃទី២៧ ខែដដែល នៃតំបន់កាតាឡាន។
បន្ទាប់ពីមិនទទួលបានការគាំទ្រពីសហភាពអឺរ៉ុប សម្រាប់ចលនាទាមទារឯករាជ្យរបស់កាតាឡាន លោក Puigdemont បាននិយាយថា ប្រជាជននៃតំបន់កាតាឡាន គួរតែធ្វើការសម្រេចចិត្តថា តើពួកគេចង់បន្តនៅជាមួយ EU ទៀតដែរ ឬក៏អត់ ខណៈនាយករដ្ឋមន្រ្តីអេស៉្បាញ លោក Rajoy បានឆ្លើយតបចំពោះការលើកឡើងនេះថា ជារឿងមិនទំនង និងសមហេតុសមផលឡើយ។
គួរជម្រាបថា ក្រោយពីសភាកាតាឡានបានសម្រេចប្រកាសឯករាជ្យ រដ្ឋាភិបាលទីក្រុងម៉ាឌ្រីត បានប្រើប្រាស់មាត្រា ១៥៥ នៃរដ្ឋធម្មនុញ្ញអេស៉្បាញ ដើម្បីធ្វើការគ្រប់គ្រងដោយផ្ទាល់ ទៅលើតំបន់ស្វយ័តនេះ ហើយដកតំណែងលោក Carles Puigdemont ព្រមទាំងរំលាយរដ្ឋាភិបាលកាតាឡានចោលតែម្តង៕