(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) នឹងបើកកិច្ចប្រជុំ​ជាបន្ទាន់មួយ នៅរសៀលថ្ងៃពុធសប្តាហ៍នេះ (ត្រូវនឹងព្រឹកថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងទីក្រុងញូយ៉ក) ដើម្បីពិភាក្សាលើ​វិធានការ​ឆ្លើយតបនឹង​ការបាញ់ សាកល្បងមីស៊ីល​លើកចុងក្រោយ របស់កូរ៉េខាងជើង​នៅព្រឹកពុធនេះតែម្តង។ កិច្ចប្រជុំនេះ​នឹងត្រូវធ្វើឡើង​ តបតាមសំណើពី​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

កូរ៉េខាងជើង​បានបាញ់​មីស៊ីលឆ្លងទ្វីប ICBM Hwasong-15 មួយគ្រាប់​នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានផ្អាក​ការធ្វើតេស្ដ អស់រយៈពេល ៧៥ថ្ងៃមកនេះ។ យោងតាម​យោធាជប៉ុន មីស៊ីល​ដែល​កូរ៉េខាងជើង​ត្រូវ​បានបាញ់ កាលពីវេលា​ម៉ោង​ប្រមាណ ០៣៖១៨នាទី​ (ពេលវេលា​នៅ​ឧបទ្វីបកូរ៉េ) ចេញពីតំបន់ Pyongsong នៃខេត្ត Pyongan ខាងត្បូង ដោយវាហោះបាន​រយៈពេល​​ប្រហែល ៥៣នាទី​នៅរយៈកម្ពស់ ៤,៥០០គីឡូម៉ែត្រ និងហោះបានចំងាយ ៩៦០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់ជប៉ុននៅឯសមុទ្រខាងកើតឬសមុទ្រ ជប៉ុន។

ប៉ុន្តែភ្លាមៗនោះដែរ កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានស្នើឱ្យ​បើកកិច្ចប្រជុំជាបន្ទាន់​មួយ នៅឯក្រុមប្រឹក្សាសន្តិសុខ នៃអង្គការ​សហប្រជាជាតិ។ «ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ នឹងកោះប្រជុំជាបន្ទាន់​នៅរសៀល​ថ្ងៃពុធនេះ»។ នេះបើតាមប្រភព​ការទូតជាច្រើន​ ប្រចាំអង្គការ​សហប្រជាជាតិ។

គួរបញ្ជាក់ថា កាលពី​ខែកក្កដា កូរ៉េខាងជើង​បានធ្វើតេស្ដមីស៊ីល​ឆ្លងទ្វីប ICBM Hwasong-14 ចំនួនពីរលើក ប៉ុន្តែនៅថ្ងៃនេះ​ទីក្រុងព្យុងយ៉ាង​បានប្រកាសថា ខ្លួនបាន​ធ្វើតស្ដដោយ ជោគជ័យនូវ​មីស៊ីលឆ្លងទ្វីប​ប្រភេទថ្មីមួយ​ឈ្មោះ ICBM Hwasong-15 ដែលអាចពាំក្បាល​គ្រាប់នុយក្លេអ៊ែរ​បាញ់ដល់គ្រប់ទីកន្លែង និងគ្រប់ទីតាំងទំាងអស់​ នៃដីគោករបស់​សហរដ្ឋអាមេរិក៕