(ហ្សាការតា)៖ ដោយសារតែភ្នំភ្លើង Agung នៅតែបន្តឲ្យសញ្ញាមិនស្រួល អាកាសយានដ្ឋានអន្តរជាតិរបស់កោះទេសចរណ៍ ល្បីល្បាញ Bali នៅប្រទេសឥណ្ឌូណេស៊ី បានបន្តផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី៣។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន SBS នៅព្រឹកថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
អាជ្ញាធរក្នុងតំបន់ បានបង្គាប់មនុស្សប្រមាណ ១០០,០០០នាក់ ឲ្យចាកចេញពីតំបន់នៅចម្ងាយ ១០គីឡូម៉ែត្រ ពីភ្នំភ្លើង Agung ខណៈវាកំពុងបន្តជះកម្អែលផេះ ឡើងលើផ្ទៃអាកាសកម្ពស់ ៧,៦០០ម៉ែត្រ។ ភ្នំភ្លើង Agung បានបង្កក្តីព្រួយបារម្ភថ្មី បន្ទាប់ការផ្ទុះដ៏កក្រើកលើកចុងក្រោយរបស់វា កាលពីឆ្នាំ១៩៦៣ បានផ្តាច់ជីវិតមនុស្សប្រមាណ ១,១០០នាក់ ក៏ប៉ុន្តែពុំទាន់មានការដឹងច្បាស់នៅឡើយទេថា តើកម្រិតបន្ទុះរបស់ភ្នំភ្លើងនេះ ដែលអាចនឹងកើតឡើងនាពេលបច្ចុប្បន្ន នឹងអាក្រក់ដល់កម្រិតណា ឬបន្តប្រព្រឹត្តទៅដល់ពេលណានោះ។
ជាមួយគ្នានេះ អាជ្ញាធរកោះបាលីបានបន្តពន្យាពេលការបិទព្រលានយន្តហោះអន្តរជាតិ នៃកោះទេសចរណ៍នេះ សម្រាប់រយៈពេល ២៤ម៉ោងទៀត ដោយសារតែការព្រួយបារម្ភថា កម្អែលផេះដ៏ក្រាស់ ដែលជះចេញពីមាត់ភ្នំភ្លើង អាចប៉ះពាល់ដល់យន្តហោះ។ អ្នកនាំពាក្យអាកាសយានដ្ឋាន លោក Ari Ahsanurrohim បានឲ្យដឹងថា ជើងហោះហើរច្រើនជាង ៤៤០ជើង ត្រូវបានលុបចោលគិតត្រឹមថ្ងៃអង្គារម្សិលមិញ ដែលជាការប៉ះពាល់ដល់អ្នកដំណើរជិត ៦០,០០០នាក់។
គួរជម្រាបថា បើតាមក្រុមអ្នកជំនាញផ្នែកភ្នំភ្លើង បន្ទុះដ៏ខ្លាំងធំមួយអាចកើតមានឡើងបាន ឬក៏ភ្នំភ្លើង Agung អាចបន្តនៅក្នុងកម្រិតសកម្មភាពបែបនេះ សម្រាប់រយៈពេលរាប់សប្តាហ៍៕