BREAKING NEWS: កូរ៉េខាងជើងប្រកាសទៅពិភពលោកថា «ខ្លួនទទួលជោគជ័យទាំងស្រុង នៃការបាញ់តេស្តមីស៊ីលឆ្លងទ្វីប និងអាចបាញ់ដល់គ្រប់ទីតាំង ទូទាំងសហរដ្ឋអាមេរិក»
29-11-2017 10:49
(សេអ៊ូល)៖ កូរ៉េខាងជើងបានប្រកាសហើយ ពីភាពជោគជ័យនៃការបាញ់សាកល្បង មីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលកូរ៉េខាងជើងឲ្យឈ្មោះថា Hwasong-15 របស់ខ្លួន ហើយនេះគឺជាការធ្វើតេស្ដលើកទី៣ នៃមីស៊ីលឆ្លងទ្វីប រាប់ចាប់តាំងពីខែកក្កដាមក ហើយទីក្រុងព្យុងយ៉ាងអះអាងក្តែងៗនៅថ្ងៃពុធនេះថា វាមានសមត្ថភាពបាញ់ដល់គ្រប់ទីតាំងទាំងអស់ នៅលើទឹកដីសហរដ្ឋអាមេរិកទាំងមូល ជាពិសេសរដ្ឋធានីវ៉ាស៊ីនតោន។ ព្រមពេលជាមួយគ្នា ក្រុមអ្នកជំនាញក៏យល់ដែរថា ទីក្រុងព្យុងយ៉ាងកាន់តែដើរជិតដល់បច្ចេកវិទ្យាមីស៊ីលឆ្លងទ្វីបពិតប្រាកដ ហើយគេអាចនឹងធ្វើតេស្ដកាន់តែច្រើន នៅប៉ុន្មានខែខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការប្រកាសជោគជ័យខាងលើនេះរបស់កូរ៉េខាងជើង កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីយោធាអាមេរិក និងកូរ៉េខាងត្បូងអះអាងថា ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ (ទំនងជាមីស៊ីល ឆ្លងទ្វីប ICBM) នៅព្រឹកថ្ងៃពុធនេះ ទៅធ្លាក់នៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន នៅឯសមុទ្រខាងកើត។ ជាមួយគ្នានោះដែរ បើតាមរដ្ឋាភិបាលជប៉ុន កូរ៉េខាងជើងបានបាញ់មីស៊ីលមួយគ្រាប់ កាលពីវេលាម៉ោងប្រមាណ ០៣៖១៨នាទីព្រឹកថ្ងៃពុធនេះ (ពេលវេលានៅឧបទ្វីបកូរ៉េ) ហើយគ្រាប់មីស៊ីលនោះ ហោះបានរយៈពេលប្រហែល ៥៣នាទី និងទំនងជាបានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។
ក្រសួងការពារជាតិជប៉ុន បានអះអាងថា មីស៊ីលរបស់កូរ៉េខាងជើង បានបំបែកកំណត់ត្រា ដោយហោះឡើងដល់រយៈកម្ពស់ ៤,៥០០គីឡូម៉ែត្រ ក្នុងរង្វាស់មុំយ៉ាងចោត និងហាក់ដូចជាប្រភេទមីស៊ីលផ្លោងឆ្លងទ្វីប ICBM។
គួរបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលនេះ គឺជាលើកដំបូងគិតចាប់តាំងពីពាក់កណ្ដាលខែកញ្ញាមក មិនតែប៉ុណ្ណោះវាបានកើតឡើងតែមួយសប្ដាហ៍ ក្រោយទីក្រុងវ៉ាស៊ីនតោន បាន បញ្ចូលកូរ៉េខាងជើងជាថ្មីម្ដងទៀត ទៅក្នុងបញ្ជីខ្មៅនៃរដ្ឋគំាទ្រភេរវករ និងក្រោយរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានព្យាករណ៍ថា ទីក្រុងព្យុងយ៉ាងអាចនឹងប្រកាសពីភាពជោគ ជ័យទាំងស្រុងនៃការអភិវឌ្ឍ កម្មវិធីអាវុធនុយក្លេអ៊ែរ របស់ខ្លួនយ៉ាងយូរនៅឆ្នាំក្រោយនេះ៕