(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានប្រកាសក្តែងៗនាថ្ងៃពុធនេះថា ទីក្រុងតូក្យូនឹងដាក់សម្ពាធជាអតិបរមាទៅលើកូរ៉េខាងជើង ក្រោមការសហការជាមួយសហគមន៍អន្តរជាតិ បន្ទាប់ប្រទេសកុម្មុយនិស្តមួយនេះ បានបាញ់តេស្តមីស៊ីលផ្លោងដើម្បីបង្ករឿងសាជាថ្មីម្តងទៀត បន្តពីស្ងប់ស្ងាត់អស់ជាង ០២ខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមរដ្ឋាភិបាលជប៉ុន កូរ៉េខាងជើងបានបាញ់មីស៊ីលមួយគ្រាប់ កាលពីវេលាម៉ោងប្រមាណ ០៣៖១៨នាទីព្រឹកថ្ងៃពុធនេះ (ពេលវេលានៅឧបទ្វីបកូរ៉េ) ហើយគ្រាប់មីស៊ីលនោះ ហោះបានរយៈពេលប្រហែល ៥៣នាទី និងទំនងជាបានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ ក្រសួងការពារជាតិជប៉ុន បានអះអាងថា មីស៊ីលរបស់កូរ៉េខាងជើង បានបំបែកកំណត់ត្រា ដោយហោះឡើងដល់រយៈកម្ពស់ ៤,៥០០គីឡូម៉ែត្រ ក្នុងរង្វាស់មុំយ៉ាងចោត និងហាក់ដូចជាប្រភេទមីស៊ីលផ្លោងឆ្លងទ្វីប ICBM។
លោក អាបេ បានបន្ថែមថា ជប៉ុនក៏គម្រោងនឹងស្នើឲ្យមានការកោះប្រជុំបន្ទាន់នៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយថា ជប៉ុននឹងដាក់សម្ពាធជាអតិបរមាទៅលើប្រទេសកូរ៉េខាងជើង ក្រោមការសម្របសម្រួលសហការជាមួយសហគមន៍អន្តរជាតិ។
គួរជម្រាបថា ក្រោយពីកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលជាថ្មីម្តងទៀតភ្លាម លោក អេបេ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានជជែកពិភាក្សាគ្នាតាមទូរស័ព្ទផងដែរ៕