BREAKING NEWS: វេលាថ្ងៃត្រង់ថ្ងៃពុធនេះ «កូរ៉េខាងជើងមានរឿងធំមួយ ចង់ប្រកាសប្រាប់ពិភពលោក»
29-11-2017 10:17
(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃពុធនេះបាននិយាយថា ខ្លួននឹងប្រកាសពីព័ត៌មានដ៏សំខាន់មួយ នៅថ្ងៃត្រង់នេះ (ម៉ោងនៅក្នុងតំបន់) ស្របពេលគេជឿជាក់ថា វាអាចជាប្រកាសពីភាពជោគជ័យ នៃការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ICBM។ នេះបើតាមសារព័ត៌មាន Pyongyang Time ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការប្រកាសបែបនេះរបស់កូរ៉េខាងជើង កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីយោធាអាមេរិក និងកូរ៉េខាងត្បូងអះអាងថា បានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ទំនងជាមីស៊ីល ឆ្លងទ្វីប ICBM នៅព្រឹកថ្ងៃពុធនេះទៅធ្លាក់ នៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន នៅឯសមុទ្រខាងកើត។ ជាមួយគ្នានោះដែរ បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីល មួយគ្រាប់ហោះបានរយៈកម្ពស់ ៤,៥០០គីឡូម៉ែត្រ និងហោះបានចំងាយ ៩៦០គីឡូម៉ែត្រ មុននឹងវាធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន នៅឯសមុទ្រខាងកើត ហើយវាពិតជាកម្ពស់ ដ៏ខ្ពស់មិនធ្លាប់មាននោះឡើយ។
បន្ថែមពីលើនេះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានអះអាងដែរថា មីស៊ីលនេះអាចជាប្រភេទមីស៊ីលឆ្លងទ្វីប ICBM ប៉ុន្តែថាវាមិនអាចគំរាមកំហែងដល់សហរដ្ឋអាមេរិក ឬក៏សម្ព័ន្ធមិត្តអាមេរិក នៅក្នុងតំបន់នោះទេ ខណៈប្រធានាធិបតី អាមេរិក កូរ៉េខាងត្បូង និងនាយករដ្ឋមន្ត្រីជប៉ុន បានប្ដេជ្ញារួមគ្នាក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយថា ពួកគេនឹងឆ្លើយតបយ៉ាងសាកសមទៅនឹង ការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។
គួរបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលនេះ គឺជាលើកដំបូងគិតចាប់តាំងពីពាក់កណ្ដាលខែកញ្ញាមក មិនតែប៉ុណ្ណោះវាបានកើតឡើងតែមួយសប្ដាហ៍ ក្រោយទីក្រុងវ៉ាស៊ីនតោន បាន បញ្ចូលកូរ៉េខាងជើងជាថ្មីម្ដងទៀត ទៅក្នុងបញ្ជីខ្មៅនៃរដ្ឋគំាទ្រភេរវករ៕