(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស បានថ្លែងឲ្យដឹងនៅប៉ុន្មានម៉ោង ក្រោយកូរ៉េខាងជើង បាញ់តេស្តមីស៊ីលជាថ្មីនោះថា គ្រាប់មីស៊ីលដែលកូរ៉េខាងជើងបាញ់ពេលនេះ គឺបានហោះឡើងខ្ពស់ជាងពេលមុនៗទៅទៀត មុននឹងធ្លាក់ចូលទៅក្នុងដែនសមុទ្រ នៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន ហើយដែលប្រការនេះត្រូវបានក្រុមជំនាញព្រមានថា វាពិតជាការគំរាមកំហែងខ្លាំងមែនទែនហើយ ចំពោះទីក្រុងវ៉ាស៊ីនតោន និងពិភពលោកទាំងមូល មិនត្រឹមតែកូរ៉េខាងត្បូង និងជប៉ុនប៉ុណ្ណោះទេ។ នេះបើតាមការដកស្រង់ព័ត៌មាន ចេញផ្សាយនៅមុននេះបន្តិចដោយ BBC នាព្រឹកថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ (ទំនងជាមីស៊ីលឆ្លងទ្វីប ICBM) នៅព្រឹកថ្ងៃពុធនេះ និងហោះទៅធ្លាក់នៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន នៅឯសមុទ្រខាងកើត នៅក្នុងបរិបទដែលក្រុមអ្នកជំនាញមួយចំនួនយល់ថា ចាប់ពីពេលនេះតទៅ ទីក្រុងព្យុងយ៉ាងអាចនឹងមានសមត្ថភាព គំរាមកំហែងលើទីក្រុងវ៉ាស៊ីនតោន ព្រមទាំងពិភពលោកទាំងមូលតែម្តង។
យោងតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលមួយគ្រាប់ ហោះបានរយៈកម្ពស់ ៤,៥០០គីឡូម៉ែត្រ និងហោះបានចំងាយ ៩៦០គីឡូម៉ែត្រ មុននឹងវាធ្លាក់ចូលក្នុង តំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន នៅឯសមុទ្រខាងកើត។ ដោយឡែក ទន្ទឹមគ្នាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានអះអាងដែរថា មីស៊ីលនេះអាចជាប្រភេទមីស៊ីលឆ្លងទ្វីប ICBM ប៉ុន្តែថាវាមិនអាចគំរាមកំហែងដល់សហរដ្ឋអាមេរិក ឬក៏សម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់នោះទេ ខណៈប្រធានាធិបតីអាមេរិក កូរ៉េខាងត្បូង និងនាយករដ្ឋមន្ត្រីជប៉ុនបានប្ដេជ្ញារួមគ្នា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទថា ពួកគេនឹងឆ្លើយតបយ៉ាងសាកសម ទៅនឹងការគំរាមកហែងពីសំណាក់កូរ៉េខាងជើង។
គួរបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលនេះ គឺជាលើកដំបូងគិតចាប់តាំងពីពាក់កណ្ដាលខែកញ្ញាមក មិនតែប៉ុណ្ណោះវាបានកើតឡើងតែមួយសប្ដាហ៍ ក្រោយទីក្រុងវ៉ាស៊ីនតោន បានបញ្ចូលកូរ៉េខាងជើងជាថ្មីម្ដងទៀតទៅក្នុងបញ្ជីខ្មៅនៃរដ្ឋគំាទ្រភេរវករ និងតែកន្លះថ្ងៃប៉ុណ្ណោះ ក្រោយក្រុមអ្នកជំនាញនៅជប៉ុន បង្ហាញសញ្ញាថា កូរ៉េខាងជើងកំពុងរៀបចំធ្វើតេស្តអ្វីមួយ ឆាប់ៗនេះហើយ៕