(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) នៅថ្ងៃពុធនេះ បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស ការបាញ់មីស៊ីល​សាជាថ្មី ក្រោយពីស្ងប់ស្ងា​ត់អស់ជាង ៧០ថ្ងៃ ពីសំណាក់​កូរ៉េខាងជើង ដែល​ជាការរំលោភបំពាន​ច្បាប់អន្តរជាតិ​បន្ថែមមួយកម្រិតទៀត និងមិនអាច​​ទទួលយកបាន​នោះឡើយ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍ពី​ ទីស្នាក់ការកណ្តាល​សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល​បានឲ្យដឹងថា «ការបាញ់មីស៊ីល​លើកនេះ គឺជាការបង្កហេតុ​ដ៏កម្រោលថ្មីបន្ថែម​ទៀត ហើយវាគឺជា​ការ​គំរាម​កំហែងយ៉ាង​ធ្ងន់ធ្ងរ ដល់សន្តិសុខ​អន្តរជាតិ។ សហភាពអឺរ៉ុប សូមអំពាវនាវ​ឲ្យកូរ៉េខាងជើង ចូលរួមក្នុង​តុចរចាប្រកប​ដោយលក្ខណៈសហការ ដើម្បីសម្រេច​ឲ្យបាននូវគោលដៅ​​លុបបំបាត់​អាវុធនុយក្លេអ៊ែរ​ពេញលេញ​នៅឧបទ្វីបកូរ៉េ ដែលអាចទទួលយកបាន និងឥតងាករេ ព្រមទាំងគោរព​ទៅតាមដំណោះស្រាយ​នានាកន្លងមក ដោយក្រុម​ប្រឹក្សាសន្តិសុខ UN»

គួរបញ្ជាក់ថា មីស៊ីលផ្លោងដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងអះអាងថា អាចជាប្រភេទ ICBM ត្រូវបានបាញ់ចេញពី​តំបន់ក្បែរទីក្រុង Pyongsong ស្ថិតនៅភាគខាង​ត្បូងខេត្ត Pyongan របស់កូរ៉េខាងជើង កាលពីវេលាម៉ោង ០៣៖១៣នាទីទៀបភ្លឺ ថ្ងៃពុធ ទី២៩ ខែវិច្ឆិកា។

ការបាញ់នេះ​ជាការឆ្លើយតប​ដ៏គឃ្លើន ចំពោះប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ ដែលប្រកាសដាក់​ទណ្ឌកម្ម និងដាក់ប្រទេស​កូរ៉េខាងជើង ក្នុងបញ្ជីខ្មៅនៃរដ្ឋ​គាំទ្រភេរវកម្ម នាពេលថ្មីៗ​កន្លងទៅនេះ៕