(សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង នៅថ្ងៃអង្គានេះបានព្យាករណ៍ថា កូរ៉េខាងជើងអាចនឹងប្រកាសពីជោគជ័យទំាងស្រុង នូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក្នុងរយៈពេល យ៉ាងយូរមួយឆ្នាំខាងមុខទៀត ខណៈប្រទេសកុម្មុយនីស្ដឯកោមួយនេះ កាន់តែដើរទៅមុខលឿងជាងការរំពឹងទុក ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ទុកសម្ញែងពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងទីក្រុងសេអ៊ូល លោក Cho Myoung-gyon រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានលើកឡើងយ៉ាងដូច្នេះថា «ក្រុមអ្នកជំនាញជាច្រើនសុទ្ធតែយល់ថា កូរ៉េខាងជើងនឹងប្រើពេលពីរទៅបីឆ្នាំបន្ថែម ប៉ុន្តែខណៈពួកគេកំពុងរីកចំរើនក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ លឿនជាងការរំពឹងទុក យើងគិតថា ទីក្រុងព្យុងយ៉ាងអាច នឹងប្រកាសពីជោគជ័យទាំងស្រុង នៃកម្មវិធីនុយក្លេអ៊ែររបស់ពួកគេយ៉ាងយូរ នៅរយៈពេលមួយឆ្នាំខាងមុខទៀតនេះ»។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់ លោក Cho Myoung-gyon ធ្វើឡើងនៅចំពេលរដ្ឋាភិបាលជប៉ុន ចាប់បានសញ្ញាមិនប្រក្រតី នៅក្នុងប្រទេសកូរ៉េខាងជើង ដែលទំនងជាសកម្មភាពត្រៀមបាញ់មីស៊ីលជាថ្មី ក្រោយផ្អាកអស់រយៈពេលជាង ៧០ថ្ងៃមកនេះ៕