(ម៉ូស្គូ)៖ រុស្ស៊ីបានដាក់ការទាក់ទង ជាមួយនឹងផ្កាយរណបដ៏សំខាន់មួយរបស់ខ្លួន តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីវាត្រូវបានបាញ់បង្ហោះ ទៅកាន់លំហអាកាស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Independent នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
រ៉ុក្កែតដែលជាអ្នកនាំយកផ្កាយរណបខាងលើ គឺត្រឹមជាគ្រាប់រ៉ុក្កែតកម្រិតទី ២ ប៉ុណ្ណោះ ដែលត្រូវបានបង្ហោះ ចេញពីមូលដ្ឋានបង្ហោះយានអវកាស Vostochny។ មូលដ្ឋានបង្ហោះយានអវកាសនេះ បានទទួលការកោតសរសើរថា គឺជាផ្នែកដ៏សំខាន់មួយ នៃគម្រោងរុករកនៅទីអវកាសរបស់ប្រទេសរុស្ស៊ី។
ជាមួយគ្នានេះ ផ្កាយរណបព្យាករណ៍អាកាសធាតុ Meteor M2-1 ក៏មានសារៈសំខាន់ក្នុងផែនការរបស់ទីភ្នាក់ងារអវកាសរុស្ស៊ីផងដែរ ដោយវាត្រូវបានគេបាញ់បង្ហោះ ក្រោមក្តីសង្ឃឹមថា នឹងអាចបំពេញបេសកកម្មបាន ០៥ឆ្នាំ ក្នុងការតាមដានអាកាសធាតុ ជំនួសមុខឲ្យទីភ្នាក់ងារឧតុយមរបស់ប្រទេស។
គួរជម្រាបថា Meteor M2-1 បើតាមការគ្រោងទុក ត្រូវធ្វើការផ្តាច់ខ្លួនចេញពីគ្រាប់រ៉ុក្កែតនាំយកវា នាព្រឹកនេះ ពោលនៅពេលភ្លាមៗក្រោយពីត្រូវបានបាញ់បង្ហោះ ចេញពីបរិយាកាសផែនដី ប៉ុន្តែនាខណៈពេលនេះ ទីភ្នាក់ងារអវកាសរុស្ស៊ី បានដាច់ការទាក់ទងជាមួយនិងវា៕