(សេអ៊ូល)៖ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានបង្កើនការឃ្លាំមើល លើសកម្មភាពរបស់កូរ៉េខាងជើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ទីក្រុងព្យុងយ៉ាងទំនងជាកំពុងត្រៀម បាញ់សាកល្បងមីស៊ីលសាជាថ្មី ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
យ៉ុនហាប់ ផ្អែកលើប្រភពពីរដ្ឋាភិបាលទីក្រុងសេអ៊ូលថា សម្ព័ន្ធមិត្តទាំងបីបានបង្កើនការឃ្លាំមើល សកម្មភាពរបស់កូរ៉េខាងជើង ខណៈរបបដឹកនាំលោក គីម ជុងអ៊ុន អាចនឹងបាញ់សាកល្បងមីស៊ីលជាថ្មី ក្រោយមានសេចក្ដីរាយការណ៍ពីភាពមិនប្រក្រតី នៅឯទីតាំងធ្វើតេស្ដមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។
ដោយឡែក នៅព្រឹកមិញនេះទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ ក៏បានអះអាងដែរថា រដ្ឋាភិបាលជប៉ុនចាប់សញ្ញាមិនប្រក្រតី នៅក្នុងប្រទេសកូរ៉េខាងជើង ដែលទំនងជាសកម្មភាពត្រៀមបាញ់មីស៊ីល។ ប៉ុន្តែបើតាមប្រភពមួយទៀតពីទីក្រុងសេអ៊ូល សញ្ញានេះអាចជាផ្នែកមួយ នៃដំណើរការរៀបចំសមយុទ្ធយោធារដូវរងាររបស់កូរ៉េខាងជើង នៅថ្ងៃទី០១ ខែធ្នូខាងមុខនេះ។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានផ្អាកការធ្វើតេស្ដមីស៊ីលអស់រយៈពេលជាង ៧០ថ្ងៃ មកហើយ គិតចាប់តាំងពីទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលរំលងប្រទេសជប៉ុនកាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងទៅ។ ក្រុមអ្នកជំនាញកូរ៉េខាងត្បូង កាលពីសប្តាហ៍មុននេះ ក៏បានធ្វើការវិភាគផងដែរថា កូរ៉េខាងជើងអាចនឹងធ្វើតេស្តអាវុធប្រល័យលោកបន្ថែមទៀត យ៉ាងហោចណាស់នៅមុនដំណាច់ឆ្នាំ២០១៧នេះ៕