(ម៉ូស្គូ)៖ មកទល់ពេលនេះវាបានកន្លងផុតទៅ ៧០ថ្ងៃ ហើយចាប់តាំងតែពីកូរ៉េខាងជើង បានធ្វើតេស្តអាវុធនុយក្លេអ៊ែរ ឬក៏មីស៊ីលផ្លោង ដែលនេះគឺជាការអាក់ខាន នៃសកម្មភាពបង្ករឿងដ៏យូរជាងគេបំផុត ក្នុងឆ្នាំ២០១៧នេះ។ ម៉្យាងវិញទៀត ការស្រាប់តែផ្អាកបែបនេះ នៃការអភិវឌ្ឍមហិច្ឆតាអាវុធប្រល័យលោក របស់ទីក្រុងព្យុងយ៉ាង បានធ្វើឲ្យក្រុមអ្នកឃ្លាំមើលងឿងឆ្ងល់ថា តើហេតុអ្វីបានជាពុំមានការសាកល្បងអ្វីទាំងអស់ តាំងតែពីខែកញ្ញាមក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការសន្និដ្ឋានគួរឲ្យកត់សម្គាល់ជាងគេនោះគឺថា កូរ៉េខាងជើងបានផ្អាកការធ្វើតេស្ត ដោយសារតែពួកគេ បានជួបប្រទះឧបសគ្គដ៏លំបាកឆ្លងផុតមួយ នៅក្នុងដំណាក់កាលអភិវឌ្ឍន៍មីស៊ីល-នុយក្លេអ៊ែររបស់ខ្លួន ខណៈពួកគេហាក់ដូចជាពុំមានលទ្ធភាពកសាងបច្ចេកវិទ្យា ដែលនឹងអនុញ្ញាតឲ្យមីស៊ីលផ្លោងឆ្លងទ្វីប ICBM របស់ខ្លួន អាចធ្វើដំណើរឆ្លងកាត់បរិយាកាស នៃភពផែនដីដោយសុវត្ថិភាពបាន។
មួយវិញទៀតនោះគឺ ទីក្រុងព្យុងយ៉ាងភ្ញាក់ខ្លួនថា ពួកគេកាន់តែជ្រុលខ្លាំងពេកដាក់សហរដ្ឋអាមេរិក។ ការឈ្លានពានវាយលុកពីសំណាក់កូរ៉េខាងជើង នឹងឈានទៅរកមហន្តរាយដ៏ធ្ងន់ធ្ងរជាច្រើនកម្រិត ក៏ប៉ុន្តែឱកាសនៃការទទួលលទ្ធផលវិជ្ជមាន សម្រាប់មេដឹកនាំរបស់ទីក្រុងព្យុងយ៉ាង គឺវាតិចតួចស្តួចស្តើងមិនសមនឹងតម្លៃនេះ។ ក្រៅពីនេះ ការបញ្ជូនបន្ថែមនៃសព្វាវុធទំនើបៗរបស់យោធាអាមេរិក រួមមាននាវាដឹកយន្តហោះចម្បាំងដល់ទៅ ០៣គ្រឿង ទៅកាន់ឧបទ្វីបកូរ៉េ ក៏ប្រហែលជាកត្តា ដែលជំរុញឲ្យកូរ៉េខាងជើង បន្ថយសកម្មភាពមហិច្ឆតាមីស៊ីល-នុយក្លេអ៊ែររបស់ពួកគេផងដែរ។
ការសន្និដ្ឋានទីបី គឺថាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ច្រើនលើសលុប ប្រឆាំងទៅលើកូរ៉េខាងជើង ដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ហាក់ទទួលបានជោគជ័យក្នុងការទប់ស្កាត់ និងរារាំងកូរ៉េខាងជើង ពីការបង្ករឿងផ្សេងៗថែមទៀត ដោយសារតែរបដឹកនាំទីក្រុងព្យុងយ៉ាងខ្លាចក្រែងថា នឹងទទួលរងគ្រោះធ្ងន់ធ្ងរកាន់តែខ្លាំង ដល់សេដ្ឋកិច្ចរបស់ខ្លួនជាងនេះ។
ទន្ទឹមនឹងនេះ ក៏មានហេតុផលមួយចំនួនផ្សេងទៀត ដែលអាចឲ្យកូរ៉េខាងជើង ទំនងជាកំពុងអង្គុយរង់ចាំ ដល់ខែកុម្ភៈឆ្នាំក្រោយ ដើម្បីធ្វើតេស្តជាថ្មីផងដែរ។ ទីមួយ៖ លក្ខខណ្ឌអាកាសធាតុ នឹងចាប់ផ្តើមប្រសើរឡើង ដែលអាចមានឥទ្ធិពលវិជ្ជមានដល់ការធ្វើតេស្ត។ ទីពីរ៖ សមយុទ្ធយោធាធំៗចំនួន ០២ រវាងអាមេរិក និងកូរ៉េខាងត្បូង ត្រូវបានគ្រោងរៀបចំរួចជាស្រេចថា នឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨។
ទីបីគឺទាក់ទងនឹងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨ នៅឯទីក្រុងសេអ៊ូល ដែលនឹងត្រូវប្រារព្ធឡើង នៅខែកុម្ភៈឆ្នាំក្រោយដូចគ្នា ដោយវាគឺជាពេលដែលពិភពលោក នឹងផ្តោតចក្ខុទៅលើឧបទ្វីបកូរ៉។ ប្រការនេះនឹងផ្តល់ឲ្យ ការធ្វើតេស្តមីស៊ីល ឬនុយក្លេអ៊ែរនានា ដោយប្រទេសកូរ៉េខាងជើង មានឥទ្ធិពលកាន់តែខ្លាំងថែមទៀត នៅលើឆាកអន្តរជាតិ។
គួរជម្រាបថា ក្រៅពីនេះក៏មានការសន្និដ្ឋានដទៃៗទៀត រួមមានដូចជាភាពចម្រូងចម្រាសនៃអំណាច រវាងយោធានិងគណបក្សពលករកូរ៉េខាងជើង ដែលជាបក្សកាន់អំណាច ព្រមទាំងទំនៀមទំលាប់ដ៏ចម្លែកនៃកម្មវិធីនុយក្លេអ៊ែរ-មីស៊ីលកូរ៉េខាងជើង ដែលកំណត់ឲ្យកូរ៉េខាងជើង តែងតែជៀសវៀងពីការធ្វើតេស្ត នៅត្រីមាសចុងក្រោយក្នុងឆ្នាំនីមួយៗ ក្រោមហេតុផល ដែលពុំមាននរណាផ្សេង នៅក្រៅប្រទេសឯកោមួយនេះដឹងច្បាស់នោះឡើយ៕