(ឡុងដ៍)៖ ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ត្រូវបានគេដកហូត «ពានសេរីភាពនៃទីក្រុងអុកហ្វដ (Oxford) របស់ចក្រភពអង់គ្លេស» ដោយសារការឆ្លើយតបយ៉ាងស្ងប់ឈឹងរបស់លោកស្រី ជុំវិញវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
បន្ទាប់ពីមានការបោះឆ្នោតបឋម កាលពីខែតុលាកន្លងទៅ សាលាក្រុង Oxford នាដើមសប្តាហ៍នេះ បានសម្រេចបោះឆ្នោតដកហូតពានកិត្តិយសនេះវិញជាអចិន្រ្តៃយ៍ ពីលោកស្រី សូជី។ សមាជិកក្រុមប្រឹក្សាក្រុង លោកស្រី Mary Clarkson ដែលបានស្នើឡើងនូវញ្ញតិនេះបានថ្លែងថា «ពួកយើងបានប្រើចំណាត់ការដែលពុំធ្លាប់មាន គឺការដកហូតពានកិត្តិយសដ៏ខ្ពស់បំផុត ប្រចាំទីក្រុងពីលោកស្រី ស៊ូជី ដោយសារភាពអសកម្មរបស់លោកស្រី នៅចំពោះមុខនៃការគាបសង្កត់ ទៅលើជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា»។
លោកស្រី Clarkson បានបន្ថែមថា «Oxford មានទំនៀមទំលាប់ដ៏យូរអង្វែង ក្នុងនាមជាទីក្រុងពោពេញដោយភាពចម្រុះបែប និងមនុស្សធម៌ ហើយកេរ្តិ៍ឈ្មោះរបស់យើងត្រូវបានធ្វើឲ្យអាប់ប្រឡាក់ ដោយសារតែការផ្តល់កិត្តិយសទៅឲ្យ ជនដែលបានបិទភ្នែកចំពោះអំពើហិង្សា។ យើងសង្ឃឹមថា ពេលនេះយើងបានចូលរួមចំណែកតូចមួយ ជាមួយនិងអ្នកដទៃទៀត ដែលបាននិងកំពុងអំពាវនាវស្វែងរកសិទ្ធិសេរី និងយុត្តិធម៌ សម្រាប់ជនជាតិរ៉ូហ៊ីងយ៉ា»។
គួរជម្រាបថា ពានកិត្តិយសខាងលើដែលមានឈ្មោះថា Freedom of Oxford ត្រូវបានប្រគល់ជូន លោកស្រី អោងសាន ស៊ូជី កាលពីឆ្នាំ១៩៩៧ ដើម្បីជាការទទួលស្គាល់ចំពោះ ភាពតស៊ូលំបាករបស់លោកស្រី សម្រាប់លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកាលនោះ បានស្ថិតក្រោមការគ្រប់គ្រងដឹកនាំនៃរបបយោធា។ ម៉្យាងវិញទៀត ជុំវិញរឿងវិបត្តិពូជសាសន៍ដ៏ចម្រូងច្រាសនេះ ក៏មានមនុស្សចំនួនមានបំណងចង់ស្នើឲ្យមានការដកហូតពានរង្វាន់ណូបែលសន្តិភាព ពីរូបលោកស្រីថែមទៀតផង៕