(ប៉េកាំង)៖ សមាជិកជាន់ខ្ពស់ម្នាក់ នៃគណៈកម្មាការយោធាមជ្ឈិមចិន លោក Zhang Yang បានសម្រេចចិត្តសម្លាប់ខ្លួនឯងនៅឯផ្ទះរបស់លោក ក្នុងទីក្រុងប៉េកាំងកាលពីសប្ដាហ៍មុន បន្ទាប់ពីអាជា្ញធរចិន បានបើកការស៊ើបអង្កេតប្រឆាំងនឹងរូបលោក ជុំវិញទំនាក់ទំនងជាមួយអតីតឧត្ដមសេនីយ៍ចិនពីររូប គឺលោក Guo Boxiong និងលោក Xu Caihou។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ព័ត៌មានបានបន្តទៀតថា លោក Zhang Yang មានអាយុ ៦៦ឆ្នាំ បានចងកសម្លាប់ខ្លួនឯងនៅក្នុងផ្ទះរបស់លោក នៅឯទីក្រុងប៉េកាំងកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកាកន្លងទៅ ហើយព័ត៌មាននេះត្រូវបានជូនដំណឹង ដល់រាល់សមាជិកនៃកងទ័ពរំដោះប្រជាជនចិន។ ទន្ទឹមគ្នា គេមិនទាន់ដឹងប្រាកដពីមូលហេតុ នៅពីក្រោយនៃអំពើអត្តឃាតនេះនៅឡើយទេ ខណៈវាកើត ឡើងក្រោយអាជ្ញាធរចិន បានបើកការស៊ើបអង្កេតប្រឆាំងនឹងរូបលោក ជុំវិញទំនាក់ទំនងជាមួយអតីតឧត្ដមសេនីយ៍ចិនពីររូបគឺលោក Guo Boxiong និងលោក Xu Caihou។
គួរបញ្ជាក់ថា អតីតឧត្ដមសេនីយ៍ចិន លោក Guo Boxiong ត្រូវបានបណ្ដេញពីបក្សកុម្មុយនីស្ដចិន និងត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ រីឯលោក Xu Caihou ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទពុករលួយផងដែរ តែការចោទប្រកាន់នេះត្រូវបានលុបចោល ក្រោយលោកទទួលមរណៈភាព ដោយសារជំងឺមហារីកកាលពីឆ្នាំ២០១៥៕