ឆ្នាំ២០២០ ចិននឹងក្លាយជា «ទីផ្សារភាពយន្ត ធំជាងគេបំផុតលើលោក» ខណៈកុនដែលត្រូវដាក់បញ្ចាំង នឹងកើនដល់ជាង ៦០,០០០រឿង...
28-11-2017 11:42
(ប៉េកាំង)៖ ដល់ឆ្នាំ២០២០ ប្រទេសចិនត្រូវគេរំពឹងថា នឹងមានខ្សែភាពយន្តសរុបដល់ជាង ៦០,០០០រឿង ដាក់បញ្ចាំងនៅក្នុងរោងកុន ដែលប្រការនេះនឹងធ្វើឲ្យចិន ក្លាយជាទីផ្សារភាពយន្តធំជាងគេបំផុតលើពិភពលោក។ នេះបើតាមការលើកឡើងរបស់មន្រ្តី នៃទីភ្នាក់ងារគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយចិន SAPPRFT ដែលត្រូវបានស៊ីនហួរ ដកស្រង់នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
បើតាមលោក Zhang Hongsen អគ្គនាយករងនៃទីភ្នាក់ងារ SAPPRFT នៅឆ្នាំ២០២០ ចិនត្រូវគេរំពឹងថា នឹងផលិតភាពយន្តបានចំនួនប្រមាណ ៨០០រឿង ក្នុងមួយឆ្នាំៗ ហើយប្រអប់ចំណូលភាពយន្តប្រចាំឆ្នាំ នឹងកើនដល់ ៧០ពាន់លានយ័ន ស្មើនឹង ១០.៦ពាន់លានដុល្លារ។ លោក Zhang បានបន្តថា «វាអាចទៅរួចដែលថា ប្រទេសចិន នឹងក្លាយជាមជ្ឈមណ្ឌលផលិតខ្សែភាពយន្តថ្មីរបស់ពិភពលោក»។
យើងតាមទីភ្នាក់ងារខាងលើ ប្រអប់ចំណូលឆ្នាំ២០១៧របស់ចិន បានកើនលើសពី ៥០ពាន់លានយ័ន (៧.៦ពាន់លានដុល្លារ) កាលពីសប្តាហ៍មុន ដោយវាគឺជាលើកដំបូង ដែលមហាយក្សនៅអាស៊ីមួយនេះ បានបំបែកកំណត់ត្រា ៥០ពាន់លានយ័ននេះ។ ម៉្យាងវិញទៀត សម្រាប់ភាពយន្តក្នុងស្រុកតែឯងវិញ បានចូលរួមចំណែក ២៦.២ពាន់លានយ័ន ដែលស្មើនឹង ៥២.៤ភាគរយ នៃចំណូលសរុប។
គួរជម្រាបថា សម្រាប់ឆ្នាំនេះភាពយន្តបរទេសមួយចំនួន ដូចជារឿង Dangal របស់ឥណ្ឌា ទទួលបានប្រជាប្រិយភាពខ្ពស់ នៅក្នុងប្រទេសចិនជាជាងប្រទេសរបស់ពួកគេផ្ទាល់ ដែលជាហេតុបណ្តាលឲ្យចិន ក្លាយជាទីផ្សារដ៏គួរឲ្យទាក់ទាញខ្លាំងឡើងៗ សម្រាប់ក្រុមផលិតករភាពយន្តនៅឯក្រៅប្រទេស៕