សមាជិកសភារដ្ឋកាលីហ្វរញ៉ា «នឹងលាលែងចេញពីតំណែង» ក្រោយរងការចោទប្រកាន់ រឿងរំលោភបំពានផ្លូវភេទ...
28-11-2017 10:41
(វ៉ាស៊ីនតោន)៖ សមាជិកសភានៃរដ្ឋកាលីហ្វរញ៉ា លោក Raul Bocanegra បានប្រកាសថា លោកនឹងលាលែងពីតំណែងជាបន្ទាន់ ក្រោយពីមានការចោទប្រកាន់ដោយឥតភស្តុតាងមកលើរូបលោក ពាក់ព័ន្ធនឹងរឿងបៀតបៀនកេរ្តិ៍ខ្មាស។ នេះបើតាមការចេញផ្សាយចេញដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Bocanegra ដែលជាអ្នកនយោបាយដ៏លេចធ្លោមួយរូប មកពីគណបក្សប្រជាធិបតេយ្យ នៅក្នុងសភាថ្នាក់រដ្ឋ នៃរដ្ឋកាលីហ្វរញ៉ារបស់សហរដ្ឋអាមេរិក ហើយលោក Raul Bocanegra បានក្លាយជាអ្នកនយោបាយដំបូងបំផុត ដែលដើរចេញពីមុខតំណែង នៅចំកណ្តាលទីនៃការផ្ទុះឡើងនូវរឿងអាស្រូវផ្លូវភេទ។
គួរជម្រាបថា ពីដំបូងឡើយ លោក Bocanegra ធ្លាប់បានប្រកាសថា លោកនឹងចុះចេញពីតំណែងនាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ឯណោះទៅវិញទេ បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការចោទប្រកាន់មួយចំនួន ទាក់ទិននឹងអំពើបៀតបៀនកេរ្តិ៍ខ្មាស ចេញផ្សាយដោយសារព័ត៌មាន Los Angeles Times កាលពីសប្តាហ៍មុន៕