(សេអ៊ូល)៖ នៅទីបំផុតរដ្ឋាភិបាលអូស្រ្តាលី បានសម្រេចចិត្តកាត់ផ្ដាច់ការផ្ដល់ជំនួយមនុស្សធម៌ សម្រាប់កូរ៉េខាងជើង ដោយសារតែបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងការគ្រប់គ្រងកម្មវិធីផ្តល់ជំនួយ។ ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមអ្នកជំនាញខ្លះយល់ថា ការសម្រេចចិត្តបែបនេះទំនងជាអាចមានជាប់ពាក់ព័ន្ធនឹង កម្មវិធីមីស៊ីលឆ្លងទ្វីប និងអាវុធនុយក្លេអ៊ែរ នៃរបបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
នៅក្នុងសារអេឡិចត្រូនិច កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យក្រសួងការបរទេសអូស្ត្រាលី បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងកង់បេរ៉ា បានសម្រេចចិត្តកាត់ផ្ដាច់ជំនួយ បន្ទាប់ពីខ្លួនបានផ្ដល់ ជំនួយដល់កូរ៉េខាងជើង សម្រាប់គំរោងអាហាររូបត្ថម្ភកាលពីឆ្នាំ២០១៦ ដែលដំណើរការដោយ កម្មវិធីស្បៀងអាហារពិភពលោក (WFP)។ ក៏ប៉ុន្តែ ការសម្រេចចិត្ត ផ្អាកការផ្ដល់ជំនួយមនុស្សធម៌បែបនេះ គឺដោយសារតែគ្មានលទ្ធភាពក្នុងការត្រួតពិនិត្យ ការផ្ដល់ជំនួយមនុស្សធម៌ នៅក្នុងប្រទេសកុម្មុយនីស្តមួយនេះ។
គួរបញ្ជាក់ថា អូស្ត្រាលីបានពង្រីកការផ្ដល់ជំនួយដល់កូរ៉េខាងជើង តាមរយៈអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០២មក ហើយគិតជាទឹកប្រាក់ដែលទីក្រុងកង់បេរ៉ា ផ្ដល់ឱ្យ WFP មានចំនួន ២.៣លានដុល្លារ ដើម្បីជួយសង្រ្គោះដល់កុមារកូរ៉េខាងជើង ដែលជួបបញ្ហាកង្វះអាហាររូបត្ថម្ភ ជារៀងរាល់ឆ្នាំនៅចន្លោះពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦៕