(បាលី)៖ អាជ្ញាធរឥណ្ឌូណេស៊ីបានឱ្យដឹងថា ប្រជាជនដែលមិនព្រមចាកចេញពីផ្ទះរបស់ពួកគេ នៅជុំវិញបរិវេណតំបន់ភ្នំភ្លើង Agung នៅលើកោះបាលី អាចនឹងត្រូវបង្ខំឱ្យជម្លៀសខ្លួនជាបន្ទាន់ ក្រោយអាជ្ញាធរបានបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើង Agung ដល់កម្រិតលេខ ០៤។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមទីភ្នាក់ងារទប់ស្កាត់គ្រោះមហន្តរាយឥណ្ឌូណេស៊ី កម្រិតប្រកាសអាសន្ននៃភ្នំភ្លើង Agung ត្រូវបានបង្កើនពីកម្រិតទី ០៣ ឡើងដល់កម្រិតទី ០៤ ។ ទន្ទឹមនឹងនេះប្រជាជននៅរស់នៅចម្ងាយប្រមាណពី ០៨ ទៅ ១០គីឡូម៉ែត្រ ជុំវិញភ្នំភ្លើងនេះត្រូវបានបង្គាប់ឲ្យជម្លៀសខ្លួនចេញជាបន្ទាន់ផងដែរ ដើម្បីសុវត្ថិភាព ខណៈអាកាសយានដ្ឋានអន្តជាតិកោះ Bali ត្រូវបានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន រីឯភ្ញៀវទេសចរជាង ៦០,០០០នាក់ កំពុងជាប់គាំង។ ក៏ប៉ុន្តែមកទល់ថ្ងៃចន្ទម្សិលមិញ ប្រជាជន ១០០,០០០នាក់ រស់នៅក្បែរតំបន់ភ្នំភ្លើងនេះ មានតែ ៤០,០០០នាក់ប៉ុណ្ណោះបានចាកចេញ ដូច្នេះដើម្បីសុវត្ថិភាពអាជ្ញាធរឥណ្ឌូណេស៊ី បានប្រកាសថា អ្នកមិនព្រមចាកចេញនឹងត្រូវបង្ខំឱ្យចាកចេញជាបន្ទាន់។
គួរជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន នៅលើកោះបាលីបានសម្រេចចិត្តលុបចោលការហោះហើរ ឬបិទទ្វារជាបណ្ដោះអាសន្នតែម្ដង ដោយសារខ្លាចក្រែងផ្សែង និងអ័ព្ទផេះបង្កផល ប៉ះពាល់ដល់ម៉ាស៊ីនយន្ដហោះ បន្ទាប់ពីភ្នំភ្លើង Agung បានផ្ទុះដោយបញ្ចេញផ្សែង និងផេះយ៉ាងក្រាស់ខ្មឹកទៅលើអាកាស នៅរយៈកម្ពស់រហូតដល់ទៅ ៣,៤០០ម៉ែត្រ៕