(រីយ៉ូ)៖ ប្រធានាធិបតីប្រេស៊ីល លោក Michel Temer នៅថ្ងៃចន្ទសប្តាហ៍នេះ បានចាកចេញពីមន្ទីរពេទ្យ Sirio-Libanes នៅក្នុងទីក្រុងសៅប៉ូឡូហើយ បន្ទាប់ពីបានទទួលការវះកាត់ព្យាបាលជំងឺបេះដូង ប្រកបដោយជោគជ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Temer ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ដើម្បីធ្វើការវះកាត់សរសៃឈាមក្នុងបេះដូងចំនួនបីលើក និងធ្វើការលាងសម្អាតសរសៃឈាមបេះដូងមួយចំនួន ដើម្បីកុំឲ្យមានការរាំងស្ទះសាជាថ្មី។ ក្រុមគ្រូពេទ្យក្នុងទីក្រុងសៅប៉ូឡូបានអះអាងថា ក្រោយពីប្រធានាធិបតីវ័យ ៧៧ឆ្នាំ ដ៏ចំណាស់រូបនេះទទួលការវះកាត់រយៈពេល ៩០នាទី លោកអាចសម្រាកព្យាយាមឲ្យជំងឺឆាប់សះស្បើយ និងទទួលបានសុខភាពល្អប្រសើរឡើងវិញ។
គួរបញ្ជាក់ថា លោក Michel Temer បានឡើងកាន់តំណែង ជាប្រធានាធិបតីប្រេស៊ីល កាលពីចុងឆ្នាំ២០១៦ បន្ទាប់ពីលោកស្រី ឌីម៉ា រួសេហ្វ អតីតប្រធានាធិបតីត្រូវបានសភាសម្រេចទម្លាក់ចេញពីតំណែង ពាក់ព័ន្ធនឹងអំពើពុករលួយ។ ខណៈលោក Temer កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏មានប្រជាជនប្រេស៊ីលជាច្រើននាក់បានបង្ហោះសារ និងប្រមូលផ្តុំគ្នាក្បែរមន្ទីរពេទ្យ ដើម្បីជូនពរលោក ឲ្យឆាប់ជាសះស្បើយផងដែរ៕