(ហ្សឺណែវ)៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ត្រូវបានគេរំពឹងថានឹងបើកកិច្ចប្រជុំពិសេសមួយស្ដីពីការសម្លាប់ ការរំលោភបំពាននិងបទឧក្រិដ្ឋ ផ្សេងទៀតប្រឆាំងនឹងជនជាតិដើមរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈមនុស្សច្រើនជាង៦០០,០០០នាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស គិតចាប់តាំងពីជម្លោះនៅក្នុងរដ្ឋ Rakhine ផ្ទុះឡើងកាលពីខែសីហា មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងប្រាប់ Reuters មន្ត្រីជាន់ខ្ពស់ UN ម្នាក់បានគូសបញ្ជាក់ដូច្នេះថា៖ «កិច្ចប្រជុំពិសេសមួយនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៥ ខែធ្នូ ដើម្បីស្វែងរកវិធានការ ឬដំណោះស្រាយឆ្លើយតបទៅ នឹងបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។ ប៉ុន្តែយ៉ាងណាក៏ដោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ធ្លាប់បានអះអាងថា វិបត្តិរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា គួរតែត្រូវបានដោះស្រាយជាលក្ខណៈទ្វេភាគីរវាងមីយ៉ាន់ម៉ា និងបង់ក្លាដែស ជាជាងយកសំណុំរឿងនេះទៅកាន់អន្តរជាតិ ហើយដែលជំហរបែបនេះត្រូវបានគេយល់ថា ទីក្រុងប៉េកាំង អាចនឹងប្រើសិទ្ធិវ៉េតូជំទាស់រាល់ដំណោះស្រាយដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា បើតាមឧត្ដមស្នងការអង្គការ UN ទទួលបន្ទុកសិទ្ធិមនុស្សលោក Zeid Ra‘ad al-Hussein ការបង្រ្កាបដោយហិង្សាពីសំណាក់ យោធាមីយ៉ានម៉ា លើជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋ Rakhine គឺជាទង្វើបោសសំអាតជនជាតិដើមមួយនេះ។ ប៉ុន្តែខាងភាគីរដ្ឋាភិបាលមីយ៉ាន់ម៉ា បានទាត់ចោលរាល់ការចោទប្រកាន់ដោយថាខ្លួនកំពុងការពារជនស៊ីវិលពីពួកភេរវករតែប៉ុណ្ណោះ៕