(រីយ៉ាដ)៖ វាអាចជារឿងគួរឱ្យចម្លែកមួយសម្រាប់ប្រទេសជាច្រើន នៅពេលដែលបានលឺថា ជនសង្ស័យជាប់ចោទពីបទឧក្រិដ្ឋ ត្រូវបានគេបញ្ជូនទៅឃុំខ្លួន ក្នុងពន្ធនាគារលំដាប់ផ្កាយ ៥។ ប៉ុន្តែរឿងបែបនេះ គឺសមញ្ញទៅហើយសម្រាប់ប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីព្រះអង្គម្ចាស់រាជទាយាទ Mohammed Bin Salman បានចាប់ផ្ដើមប្រតិបត្តិការ បោសសំអាតក្រុមមន្ត្រី និងព្រះអង្គម្ចាស់នានា ដែលជាប់ ចោទពីបទប្រព្រឹត្តអំពើពុករលួយ កាលពីដើមខែវិច្ឆិកាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៧។
ប្រតិបត្តិការប្រឆាំងអំពើពុករលួយនេះ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការពង្រឹងអំណាចរបស់ព្រះអង្គម្ចាស់ Bin Salman មុននឹងទ្រង់ឡើងសោយរាជ្យជាព្រះមហាក្សត្រ អារ៉ាប៊ីសាអូឌីត។ មួយវិញទៀត នៅក្នុងប្រតិបត្តិការនេះ មនុស្សច្រើនជាង ២០០នាក់ ក្នុងនោះរួមមានទាំងអ្នកជំនួញ និងព្រះអង្គម្ចាស់ត្រូវបានចាប់ខ្លួន ហើយត្រូវបញ្ជូនទៅឃុំខ្លួនជា បណ្ដោះអាសន្នក្នុងសណ្ឋាគារលំដាប់ផ្កាយ ៥ មួយឈ្មោះ Ritz-Carlton Hotel ដែលគេទុកសម្រាប់ឃុំខ្លួនញាតិវង្ស។
ប៉ុន្តែទន្ទឹមគ្នា មានពាក្យចចាមអារ៉ាមមួយចំនួនលេចឡើងថា នៅខាង ក្នុងពន្ធនាគារប្រណិតនេះ មានការធ្វើបាប ឬការរំលោភបំពានខាងផ្លូវចិត្ត និងបញ្ហាសុខភាព រហូតដល់ថ្នាក់លេចលឺថា Ritz-Carlton Hotel ស្ថិតក្នុងទីក្រុងរីយាដមួយនេះ បានក្លាយជា មជ្ឈមណ្ឌល ព្យាបាលអ្នកមានជំងឺសសៃប្រសាទទៀតផង។ តែទោះជាបែបនេះក្ដី ព័ត៌មាននេះមិនមានការទទួលស្គាល់ជាផ្លូវការណាមួយ ពីសំណាក់អាជ្ញាធរអារ៉ាប៊ីសាអូឌីតនោះទេ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរអារ៉ាប៊ីសាអូឌីត មនុស្ស ២០១នាក់ ក្នុងនោះរួមមានទាំងអ្នកជំនួញ និងព្រះអង្គម្ចាស់ជាច្រើននាក់ ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយ រីឯគណនីធនាគារជាង ១,៩០០គណនី ត្រូវបានបង្កក ដែលគិតជាទឹកប្រាក់ច្រើនជាង ៨០០ពាន់លានដុល្លារ៕