(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី បានបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើង Agung ដល់កម្រិតលេខ ០៤ ដែលជាកម្រិតដ៏ខ្ពស់បំផុត នៅលើកោះទេសចរណ៍ Bali ហើយបានប្រាប់ប្រជាជនដែលរស់នៅទីនោះ ឲ្យជម្លៀសខ្លួនចេញពីតំបន់ក្បែរមាត់ភ្នំភ្លើងបន្ទាន់ ដោយសារតែការផ្ទុះក្នុងកម្រិតយ៉ាងខ្លាំងនឹងកើតឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
ទីភ្នាក់ងារទប់ស្កាត់គ្រោះមហន្តរាយឥណ្ឌូណេស៊ី បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «ដើម្បីត្រៀមខ្លួនចំពោះហានិភ័យនៃគ្រោះមហន្តរាយ កម្រិតប្រកាសអាសន្ននៃភ្នំភ្លើង Agung ត្រូវបានបង្កើនពីកម្រិតទី ០៣ ឡើងដល់កម្រិតទី ០៤»។ ទន្ទឹមនឹងនេះ ប្រជាជននៅរស់នៅចម្ងាយប្រមាណពី ០៨ ទៅ ១០គីឡូម៉ែត្រ ជុំវិញភ្នំភ្លើងនេះ ត្រូវបានបង្គាប់ឲ្យជម្លៀសខ្លួនចេញជាបន្ទាន់ផងដែរ ដើម្បីសុវត្ថិភាព ខណៈអាកាសយានដ្ឋានអន្តជាតិកោះ Bali ត្រូវបានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន។
គួរជម្រាបថា ការបង្កើនកម្រិតប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត និងការបិទអាកាសយានដ្ឋានបណ្តោះអាសន្នបែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីថ្ងៃអាទិត្យម្សិលមិញ ភ្នំភ្លើង Agung បានជះកម្អែលផះយ៉ាងខ្មៅអួរអាប់ ឡើងទៅលើអាកាសដល់ទៅកម្ពស់ ០៤គីឡូម៉ែត្រ៕