(អាហ្សង់ទីន)៖ កងកម្លាំងនាវាអាហ្សង់ទីនបាននិយាយថា ពួកគេមិនបានបោះបង់ចោលក្ដីសង្ឃឹមឡើយថា ក្រុមនាវិកទាំង ៤៤នាក់ នៃនាវាមុជទឹកអាហ្សង់ទីនមួយគ្រឿង ដែលបានបាត់ខ្លួនជាង ១១ថ្ងៃមកនេះ នៅរស់រានមានជីវិត។ ការអះអាងនេះធ្វើឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មានហេតុការណ៍ផ្ទុះមួយបានកើតឡើងនៅក្នុងនាវាមុជទឹកនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន ABC News នៅរសៀលថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមកងនាវាអាហ្សង់ទីន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន ហេតុការណ៍មិនប្រក្រតីដែលទំនងជាហេតុការណ៍ផ្ទុះដ៏ខ្លីមួយ ត្រូវបានគេចាប់រលកសំឡេងបាន នៅក្នុងតំបន់មហាសមុទ្រអាត្លង់ទិច ជាទីដែលនាវាមុជទឹក ARA San Juan បានបាត់ខ្លួន។ ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមគ្រួសារសាច់ញាតិនាវិកទំាង ៤៤នាក់ បានសម្ដែងក្ដីរន្ធត់ និងខឹងសម្បារយ៉ាងខ្លាំងចំពោះព័ត៌មាននេះ ដោយពួកគេនៅតែយល់ថា នាវាមុជទឹក San Juan បានបំពេញគ្រប់គ្រាន់នូវខ្យល់អុកហ្ស៊ីសែន មុននឹងវាបានបាត់ខ្លួន ស្របពេលក្រុមអ្នកជំនាញព្រមាន ពីកង្វះខ្យល់អុកហ្ស៊ីសែននៅលើនាវាមុជទឹកនេះ។
គួបញ្ជាក់ថា រុស្ស៊ី សហរដ្ឋអាមេរិក ប្រេស៊ីល ឈីលី កូឡុំប៊ី បារាំង អាល្លឺម៉ង់ ប៉េរូ អាហ្រិ្វកខាងត្បូង អ៊ុយរ៉ាហ្គាយ និងអង់គ្លេស បានបញ្ជូននាវាជាង ៣០គ្រឿង និងយន្ដហោះជាច្រើនគ្រឿង រួមទាំងក្រុមអ្នកជួយសង្រ្គោះជាង ៤,០០០នាក់ របស់ពួកគេទៅជួយអាហ្សង់ទីនក្នុងប្រតិបតិ្តការស្វែងរក។ តែមកទល់ពេលនេះ ការបាត់ខ្លួននាវាមុជទឹក San Juan នៅតែស្ថិត នៅក្នុងភាពអាថ៌កំបាំង រីឯទីតាំងជាក់លាក់ក៏មិនទាន់ត្រូវបានគេកំណត់ឱ្យច្បាស់នៅឡើយដែរ ខណៈប្រតិបត្តិការស្វែងរកកំពុងបន្តដំណើរការ៕