(រីយ៉ាដ)៖ ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman បានសន្យាថា នឹងកម្ចាត់ពួកភេរវករឱ្យអស់ចេញពីភពផែនដី ដោយប្រើប្រាស់ធនធានដែលមានស្រាប់ នៃសម្ព័ន្ធយោធាអ៊ីស្លាម (IMA) ឬគេស្គាល់ថា ណាតូ-អារ៉ាប់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងកិច្ចប្រជុំ IMA ក្នុងទីក្រុងរីយ៉ាដ កាលពីថ្ងៃអាទិត្យ ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salma បានប្រកាសពីសង្រ្គាមប្រយុទ្ធប្រឆាំងនឹងពួកភេរវករ ខណៈទីក្រុង រីយ៉ាដកំពុងចាត់ទុកថា កាតា និងអ៊ីរ៉ង់ ជារដ្ឋគំាទ្រពួកភេរវករ។ ព្រះអង្គម្ចាស់ bin Salma បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កាលពីអតីតកាល ពួកភេរវករបានធ្វើសកម្មភាពជាច្រើននៅក្នុង ប្រទេសរបស់ពួកយើងទំាងអស់គ្នា... តែនៅថ្ងៃនេះយើងចាប់ផ្ដើមតាមប្រមាញ់ពួកភេរវករ ហើយយើងនឹងឃើញពួកវាបរាជ័យ ដោយសារសម្ព័ន្ធភាពយោធានេះ មិនថានៅទីណានោះទេ ជាពិសេសគឺនៅតាមបណ្ដាប្រទេសអ្នកកាន់សាសនាអ៊ីស្លាម... យើងនឹងបន្តប្រយុទ្ធរហូតទាល់តែពួកវាបរាជ័យ»។
គួរបញ្ជាក់ថា សម្ព័ន្ធយោធាអ៊ីស្លាម (IMA) ឬណាតូ-អារ៉ាប់ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ប៉ុន្តែសម្ព័ន្ធភាពយោធា មួយនេះមានតែនៅលើក្រដាសតែប៉ុណ្ណោះ។ IMA មានសមាជិក ៤១ប្រទេស អ្នកកាន់សាសនាអ៊ីស្លាម លើកលែងតែប្រទេសមានរដ្ឋាភិបាលកាន់និយកាយស៊ីអ៊ីត ដូចជាអ៊ីរ៉ាក់ អ៊ីរ៉ង់ ឬស៊ីរីជាដើម ហើយដោយសារកាតាត្រូវបានគេចោទថា គំាទ្រពួកភេរវករ ទើបទីក្រុងដូហា មិនបានចូលរួមក្នុងកិច្ចប្រជុំ IMA ក្នុងទីក្រុងរីយ៉ាដនោះទេ៕