(សេអ៊ូល)៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង លោក Ri Jong-hyok បាននិយាយថា កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង មិនមានគោលដៅលើប្រទេសណាមួយឡើយ ក្រៅតែចំពោះសហរដ្ឋអាមេរិក ហើយថាពិភពលោកមិនចាំបាច់មានអារម្មណ៍ថា ខ្លួនកំពុងរងការគំរាមកំហែងនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Ri Jong-hyok ជាអនុប្រធានសភាកំពូលប្រជាជនកូរ៉េខាងជើង និងជានាយកវិទ្យាស្ថានបង្រួបបង្រួមជាតិ ថ្លែងបែបនេះនៅក្នុងសុន្ទរកថាមួយ នាឱកាសចូលរួមកិច្ចប្រជុំសភាអាស៊ី នៅក្នុងប្រទេសតួកគី កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។ ថ្លែងនាឱកាសនោះ លោក Ri បានលើកឡើងយ៉ាងដូច្នេះថា «ជាការពិតនៅពេលបច្ចុប្បន្ន កម្មវិធីអាវុធនុយក្លេអ៊ែររបស់យើង បានបំផ្លាញមហិច្ឆតារបស់សហរដ្ឋអាមេរិក សំដៅធានាភាពកំពូលរបស់យើងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងចូលរួមចំណែកថែរក្សាសន្តិភាព ព្រមទាំងសន្តិសុខនៅលើតំបន់ឧបទ្វីបកូរ៉េ...»។
មន្ត្រីកំពូលតំណាងទីក្រុងព្យុងយ៉ាងខាងលើនេះ បានសង្កត់ធ្ងន់ទៀតថា «មួយវិញទៀតអាវុធនុយក្លេអ៊ែររបស់យើង គឺជាដាវយុត្តិធម៌ ទុកសម្រាប់ប្រយុទ្ធជាមួយសហរដ្ឋអាមេរិកតែមួយគត់ ដូច្នេះពិភពលោកទាំងមូលមិនចាំបាច់មានអារម្មណ៍ថា ព្រួយបារម្ភពីការគំរាមកំហែង របស់យើងឡើយ ដារាបណាពួកគេមិនចូលរួមសកម្មភាពឈ្លានពាន ឬបង្ករឿងជាមួយសហរដ្ឋអាមេរិក ប្រឆាំងនឹងពួកយើង»។
គួរបញ្ជាក់ថា បើតាមលោក Ri Jong-hyok កូរ៉េខាងជើង នឹងបន្តអភិវឌ្ឍន៍សមត្ថភាពអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប រហូតទាល់តែខ្លួនមានអារម្មណ៍ថា មានសុវត្ថិភាពពីការឈ្លានពាន ពីសំណាក់សហរដ្ឋអាមេរិក ត្បិតទាល់តែមានអាវុធនុយក្លេអ៊ែរ ទើបមានទឹកមាត់ប្រៃនិយាយជាមួយទីក្រុងវ៉ាស៊ីនតោន៕