មិនដឹងមូលហេតុអ្វី «លោក ដូណាល់ ត្រាំ បង្ហោះសារព្រលះ CNN សាជាថ្មី» ខណៈទូរទស្សន៍ល្បីមួយនេះ តបវិញភ្លាមៗ...
27-11-2017 14:35
(វ៉ាស៊ីនតោន)៖ សង្រ្គាមពាក្យសម្ដីរវាង លោក ដូណាល់ ត្រាំ និងស្ថានីយទូរទស្សន៍ CNN មិនទាន់បញ្ចប់នៅឡើយនោះទេ។ ប្រធានាធិបតីអាមេរិករូបនេះ ដែលមិនបានលាក់បាំងពី ភាពស្អប់ខ្ពើមរបស់លោកចំពោះ CNN បានបង្ហោះសារនៅលើ Twitter កាលពីថ្ងៃសៅរ៍ ដោយចោទថា ស្ថានីយ៍ទូរទស្សន៍អាមេរិកមួយនេះ គឺជាកន្លែងផ្តុំព័ត៌មានក្លែងក្លាយ។ នេះបើ តាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅរសៀលថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងនៅលើ Twitter លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «Fox News គឺមានសារៈសំខាន់ជាង CNN នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែនៅខាងក្រៅសហរដ្ឋអាមេរិក CNN International នៅតែជាប្រភពព័ត៌មានក្លែងក្លាយដ៏ធំ ដែលតំណាងឱ្យភាពអាក្រក់របស់យើងនៅលើពិភពលោក... ពិភពលោកខាងក្រៅមិនអាចមើលឃើញការពិត តាមរយៈពួកគេ (CNN) នោះទេ»។
ប៉ុន្តែជាការឆ្លើយតប ស្ថានីយទូរទស្សន៍ CNN បាននិយាយថា រឿងតំណាងឱ្យសហរដ្ឋអាមេរិក មិនមែនជាកិច្ចការរបស់ខ្លួនឡើយ។ «វាមិនមែនជាការងាររបស់ CNN តំណាងឱ្យ សហរដ្ឋអាមេរិកនៅលើពិភពលោកនោះទេ តែវាគឺជាការងាររបស់អ្នក (លោក ដូណាល់ ត្រាំ)។ ការងាររបស់យើង គឺបញ្ជូនព័ត៌មានតែមួយគត់»។ នេះបើតាមស្ថានីយ៍ទូរទស្សន៍ CNN៕