(អេហ្ស៊ីប)៖ សោកនាកម្មមួយដែលបង្កឡើងដោយការបំផ្ទុះគ្រាប់បែកអត្តឃាត និងការបាញ់ប្រហារនៅវិហារឥស្លាម បណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងរបួស បានក្លាយជាហេតុការណ៍ដ៏រន្ធត់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអេហ្ស៊ីបនាសម័យទំនើប។
ហេតុការណ៍នេះបានបង្កក្តីរន្ធត់ទូទាំងប្រទេស និងពិភពលោកទាំងមូល មិនមែនដោយសារចំនួនមនុស្សស្លាប់ច្រើនតែម្យ៉ាងប៉ុណ្ណោះទេ ប៉ុន្តែដោយសារគោលដៅនៃការបាញ់ប្រហារនេះ ជារឿងដ៏កម្រមួយ ព្រោះថាភេរវកម្មទៅលើវិហារឥស្លាមជារឿងមិនធ្លាប់កើតមានឡើយក្នុងប្រទេស អេហ្ស៊ីប ដោយជាទូទៅពួករដ្ឋឥស្លាម តែងតែមានគោលដៅសម្លាប់ពួកអ្នកប្រតិបត្តិសាសនាគ្រឹស្តច្រើនជាង។
ខាងក្រោមនេះជាព័ត៌មានលម្អិតសំខាន់ៗ ជុំវិញហេតុការណ៍នេះ៖
* ទីតាំង និងពេលវេលា៖
អំពើភេរកម្មនេះកើតឡើង នៅពាក់កណ្តាលអាធ្រាតថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅព្រះវិហារឥស្លាម Al Rawda ក្នុងទីក្រុង Bir al-Abed នៃឧបទ្វីប Sinia ចម្ងាយប្រមាណ១២៥ គីឡូម៉ែត្រភាគឥសានទីក្រុង Cairo ប្រទេស អេហ្ស៊ីប។
* ហេតុការណ៍៖
ដំបូងឡើយសកម្មប្រយុទ្ធបានបន្លំខ្លួន ចូលបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងចំណោមហ្វូងមនុស្សដែលកំពុងប្រមូលផ្តុំគ្នាសូត្រធម៌នៅព្រះវិហារឥស្លាម បន្ទាប់មកក៏ធ្វើការបាញ់រះតែម្តង។ ខណៈពេលកំពុងបាញ់ប្រហារ ពួកភេរវករខ្លះឈរនៅមាត់ទ្វា និងខ្លះទៀតនៅតាមមាត់បង្អួចទាំង១២ នៃព្រះវិហារនោះ។ បន្ទាប់មកអ្នកសូត្រធម៌ផ្សេងទៀតជម្លៀសខ្លួនចេញក្រៅ ជាអកុសលពួកគេត្រូវប្រឈមមុខជាថ្មីជាមួយខ្មាន់កាំភ្លើងពាក់ម៉ាស់បិទមុខ ដែលបានចតរថយន្តចំនួនប្រាំគ្រឿងនៅក្រៅព្រះវិហារ។ ពេលនោះ ខ្មាន់កាំភ្លើងបានបាញ់ប្រហារទៅលើចំណតរថយន្តក្បែរនោះ ដើម្បីរារាំងមនុស្សកុំឱ្យរត់គេច ព្រមទាំងបានបាញ់ប្រហារទៅលើរថយន្តសង្គ្រោះបន្ទាន់ផងដែរ ខណៈដែលពួកគេមកដល់កន្លែងកើតហេតុ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលក្នុងកញ្ចក់ទូរទស្សន៍។ ដោយឡែកលោក Ibrahim Sheteewi ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Bir Al-Abed បានលើកឡើងថា«វាជាហេតុការណ៍ដ៏រន្ធត់។ សាកសពជាច្រើនបានប្រមូលផ្តុំគ្នានៅលើដីខាងក្រៅព្រះវិហារ»។
* ជនបង្ក៖
ក្នុងហេតុការណ៍នេះ មានសកម្មជនប្រមាណពី២៥ ទៅ៣០នាក់ ដែលបង្កការបាញ់ប្រហារខាងលើ។ ពួកគេមានកាន់អាវុធស្វ័យប្រវត្តិ និងទង់ជាតិរបស់ក្រុមឧទ្ទាមរដ្ឋឥស្លាម។ យ៉ាងនេះក្តី រហូតមកទល់ពេលនេះមិនទាន់មានក្រុមភេរវកណាមួយ ប្រកាសថាជាអ្នកបង្កការបាញ់ប្រហារនេះនៅឡើយ។ ប៉ុន្តែកាលពីឆ្នាំមុនក្រុមឧទ្ទាមដែលមានទំនាក់ទំនងជាមួយ ពួករដ្ឋឥស្លាម បានសម្លាប់ពួក Sufi ជាច្រើននាក់ក្នុងតំបន់ ព្រមទាំងបានគូសបញ្ជាក់ថា ទីតាំងដែលហេតុការណ៍ខាងលើនេះបានកើតឡើង នឹងក្លាយជាគោលដៅនៃការវាយប្រហារដ៏សំខាន់មួយរបស់ពួកគេ។
* ជនរងគ្រោះ៖
គិតមកដល់រាត្រីថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកានេះ មានមនុស្សចំនួន៣០៥នាក់ស្លាប់ ដោយក្នុងនោះ ២៧នាក់ជាកុមារ ដោយឡែក១២៨នាក់ផ្សេងទៀតរងរបួស។ អ្នកដែលទៅសូត្រធម៌ក្នុងព្រះវិហារនេះភាគច្រើន ជាពួកម៉ូស្លីម Sufi។ ជនរងគ្រោះមួយចំនួនធំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង El Arish ដែលជាទីក្រុងដ៏សំខាន់ ភាគខាងជើងឧបទ្វីប ដោយបុគ្គលិកក្នុងមន្ទីរពេទ្យកំពុងពុះពារបំពេញការងារ ខណៈដែលមានមនុស្សស្លាប់ និងរបួសជាច្រើនកុះករ ដែលភាគច្រើនរងគ្រោះដោយការរលាកស្បែក និងដៃជើង។ ចាប់តាំងពីឆ្នាំ២០១៦មក ក្រុមសកម្មប្រយុទ្ធបានចេញផ្សាយនូវវីដេអូ ដោយចាត់ទុកពួក Sufi ថាជាមេរោគ ព្រមទាំងប្រកាសថា ខ្លួនជាអ្នកបង្កវាយប្រហារទៅលើពួក Sufi កាលពីឆ្នាំមុនដែលបណ្តាលឱ្យមនុស្ស១៣០នាក់ស្លាប់ ដែលក្នុងនោះភាគច្រើនជាជនជាតិប៉ាគីស្ថាន។
* ប្រតិកម្ម៖
អន្តរជាតិបានថ្កោលទោសធ្ងន់ៗចំពោះ ការវាយប្រហារពីសំណាក់ក្រុមភេរវករ ទៅលើព្រះវិហារនេះ។ ដោយក្នុងចំណោមនោះមានដូចជា៖ សហរដ្ឋអាមេរិក អឺរ៉ុប អង្គការសហប្រជាជាតិ ឥណ្ឌា ប៉ាគីស្ថាន អ៊ីរ៉ាក់ អេមីរ៉ាត់អារ៉ាប់រួម, គុយវ៉ែត, ទុយនេស៊ី, លីប៊ី, ស៊ូដង់, ហ្សង់ដានី, ស្រីលង្កា, និងប្រេស៊ីលជាដើម សុទ្ធតែបានចេញសេចក្តីថ្លែងការណ៍ ថោ្កលទោសយ៉ាងខ្លាំងរៀងៗខ្លួន។
* ផលវិបាក៖
បន្ទាប់ពីហេតុការណ៍នេះកើតឡើង ពួកអ្នកប្រតិបត្តិសាសនាគ្រិស្តក្នុងប្រទេស អេហ្ស៊ីប បានជម្លៀសខ្លួនចេញពីតំបន់ភាគខាងជើងឧបទ្វីប Sinai នាថ្ងៃសុក្រនេះ។ មនុស្សបានជម្លៀសខ្លួនទៅស្នាក់នៅក្នុងព្រះវិហារ ក្នុងទីក្រុង Ismailia។ ពួកគេបានគេចខ្លួនយ៉ាងប្រញ៉ាប់ប្រញ៉ាល់ ជាមួយនឹងបង្វេចសម្លៀកបំពាក់ និងកូនៗរបស់ពួកគេ។
ការជម្លៀសខ្លួននេះត្រូវបានធ្វើឡើង បន្ទាប់ពីពួកឧទ្ទាមរដ្ឋឥស្លាមបានចេញវីដេអូ ដែលប្រកាសថា ពួកគេនឹងធ្វើការបាញ់ប្រហារទៅលើពួកអ្នកប្រតិបត្តិសាសនាគ្រិស្តដែលនៅក្នុងឧបទ្វីប Sinai។
* វិធានការណ៍៖
រដ្ឋាភិបាលបានប្រកាស កាន់ទុក្ខរយៈពេលបីថ្ងៃ ជាមួយគ្នានេះដែរ លោក Sisi បានចេញបញ្ជាឱ្យកម្លាំងប្រដាប់អាវុធកសាងស្តូកដើម្បីទុកសម្រាប់រំលឹកដល់អ្នកដែលបានស្លាប់បាត់បង់ ជីវិតក្នុងហេតុការណ៍បាញ់ប្រហារនៅព្រះវិហារនេះ។ ជាមួយគ្នានេះដែរ លោកប្រធានាធិបតី Abdel Fattah el-Sisi បានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្នរយៈពេលបីខែ ព្រមទាំងបានប្តេជ្ញាឆ្លើយតបទៅលើការសម្លាប់រង្គាលនេះ។
លោកប្រធានាធិបតី Sisi បានរៀបចំកិច្ចប្រជុំជាបន្ទាន់ជាមួយមន្ត្រីសន្តិសុខកំពូលៗ មន្ត្រីក្រសួងមហាផ្ទៃ ប្រធានភ្នាក់ងារចារកម្ម និងរដ្ឋមន្ត្រីការពារជាតិផងដែរ។ប្រធានាធិបតីរូបនេះ បានថ្លែងក្នុងកញ្ចក់ទូរទស្សន៍ថា«យោធា និងប៉ូលីសអេហ្ស៊ីប នឹងសងសឹកវិញជាមិនខាន»។ «យើងនឹងសងសឹកទៅលើទង្វើនេះ ដោយកម្លាំងយ៉ាងសាហាវប្រឆាំងនឹងភេរវករ។ សកម្មភាពភេរវករទាំងនេះ ប្រៀបបាននឹងការពង្រឹងអេហ្ស៊ីប ដោយឱ្យក្រោកឈរឡើង ដើម្បីទប់ទល់ ប្រឆាំងនឹងភេរវកម្មដូច្នោះដែរ»។
ជាក់ស្តែកក្នុងរយៈពេលត្រឹមប៉ុន្មានម៉ោងក្រោយមក យន្តហោះចម្បាំងរបស់អេហ្ស៊ីប បានចេញប្រតិបត្តិការបាញ់ប្រហារតាមផ្លូវអាកាស ទៅលើជំរុំលាក់ខ្លួនរបស់ភេរវករ និងយាន្តជំនិះរបស់ពួកគេ។ មិនតែប៉ុណ្ណោះ ប្រតិបត្តិទ័ពអាកាស បានបំផ្លាញជំរុំឃ្លាំងអាវុធ រថក្រោះ និងអ្វីៗសំខាន់ៗផងដែរ៕