(អេហ្ស៊ីប)៖ ករណីបំផ្ទុះគ្រាប់បែកដ៏កក្រើកបំផុត មិនធ្លាប់កើតមាននៅក្នុងឧបទ្វីបស៊ីណៃ ប្រទេសអេហ្ស៊ីប ភាគខាងជើងនោះ បានបណ្តាលឲ្យមនុស្សស្លាប់កើនពី២៣៥នាក់ ដល់៣០៥នាក់ ក្នុងនោះមានកុមារ២៧នាក់ ខណៈមនុស្ស ១២៨នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន AP ចេញផ្សាយនៅយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយដកស្រង់សម្តីពីមន្ត្រីប៉ូលិសអេហ្ស៊ីប។
ការបំផ្ទុះគ្រាប់បែក ត្រូវបានធ្វើឡើងនៅលើព្រះវិហារសាសនាអ៊ីស្លាមមួយកន្លែង នៅក្នុងតំបន់ខាងលើនេះ ខណៈដែលថ្ងៃសុក្រ គឺជាថ្ងៃដែលអ្នកប្រតិបត្តិសាសនានេះ តែងតែចូលទៅធ្វើពិធីបួងសួងតាមបែបសាសនានៅតាមព្រះវិហារនានា។ ប៉ូលិសអេហ្ស៊ីបបានអះអាងថា ក្រុមសកម្មប្រយុទ្ធមួយក្រុម ដែលមានភ្ជាប់ជាមួយទង់ជាតិ ISIS បានធ្វើការវាយប្រហារទៅលើព្រះវិហារក្នុងខេត្ត ឬឧបទ្វីបស៊ីណៃ ដោយប្រើប្រាស់គ្រាប់បែក និងកាំភ្លើងបាញ់រះដ៏កម្រោលបំផុត។
បន្ទាប់ពីប្រទេសអេហ្ស៊ីប បានទទួលរងការវាយប្រហារដ៏កក្រើក ទៅលើព្រះវិហារមូស្លីមមួយកន្លែង នៅភាគខាងជើងប្រទេសមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ខ្លួន និងបានផ្តាច់យកជីវិតមនុស្សយ៉ាងតិច ៣០៥នាក់នោះ ពិភពលោកបានរួមគ្នា ចេញមុខថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពភេរវកម្មដ៏សាហាវឃោឃៅនេះ។
អន្តរជាតិបានថ្កោលទោសធ្ងន់ៗចំពោះ ការវាយប្រហាររបស់ក្រុមភេរវករ ទៅលើព្រះវិហារមួយកន្លែង ក្នុងខេត្ត Sinai ខាងជើងប្រទេសអេហ្ស៊ីប ដែលជាដំបូងបានបំផ្ទុះគ្រាប់បែក ហើយបាញ់ប្រហារសម្លាប់អ្នកប្រតិបត្តិសាសនាអ៊ីស្លាម ដែលបានរត់ចេញមកខាងក្រៅ ទាំងភាពភ័យតក់ស្លុត។ ដោយក្នុងចំណោមសហរដ្ឋអាមេរិក អឺរ៉ុប អង្គការសហប្រជាជាតិ ឥណ្ឌា ប៉ាគីស្ថាន អ៊ីរ៉ាក់ អេមីរ៉ាត់អារ៉ាប់រួម, គុយវ៉ែត, ទុយនេស៊ី, លីប៊ី, ស៊ូដង់, ហ្សង់ដានី, ស្រីលង្កា, និងប្រេស៊ីលជាដើម សុទ្ធតែបានចេញសេចក្តីថ្លែងការណ៍ ថោ្កលទោសយ៉ាងខ្លាំងរៀងៗខ្លួន។
គួរជម្រាបថា មន្រ្តីអេហ្ស៊ីបបានហៅទង្វើឃោរឃៅនេះគឹបង្កឡើងដោយក្រុមសកម្មប្រយុទ្ធ ISIS ដែលមានបណ្តាញដ៏រឹងមាំ នៅក្នុងខេត្ត Sinai និងតែងតែបានចេញមុខអះអាងថា ជាអ្នករៀបចំប្រតិបត្តិការភេរវកម្មធំៗនៅអេហ្ស៊ីប ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ម៉្យាងវិញទៀតនេះ នេះគឺជាលើកទីមួយហើយ ដែលក្រុមភេរវករបានមានគោលដៅវាយប្រហារ ទៅលើអ្នកប្រតិបត្តិសាសនាអ៊ីស្លាម នៅអេហ្ស៊ីប។
យោធាអេហ្ស៊ីបបានបើកប្រតិបត្តិការយ៉ាងក្តៅគគុក តបតទៅលើក្រុមភេរវករ ដែលមានជាប់ពាក់ព័ន្ធ ក្នុងករណីវាយប្រហារដ៏ប្រល័យ នៅព្រះវិហារមួយកន្លែងនៃខេត្ត Sinai ខាងជើង ដែលបានផ្តាច់ជីវិតយ៉ាងហោច៣០៥នាក់ និងរបួស១២៨នាក់៕