(ហ្សកហ្ស៊ីប)៖ សណ្ឋាគារដ៏ប្រណិតមួយ ស្ថិតនៅក្នុងតំបន់ទេសចរណ៍ឆ្នេរសមុទ្រខ្មៅ នៃប្រទេសហ្សកហ្ស៊ី (ខាងកើតទ្វីបអឺរ៉ុប) ដែលមានកម្ពស់រហូតដល់ទី ២២ជាន់ បានឆាបឆេះយ៉ាងខ្លាំង និងឆក់យកជីវិតមនុស្ស ១១នាក់។ នេះបើតាមការចេញផ្សាយព័ត៌មានដោយ BBC នារសៀលថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
សណ្ឋាគារខាងលើនេះមានឈ្មោះថា Leogrand Hotel ដែលមានកាស៊ីណូនៅក្នុងនោះផងដែរ ដែលវាបានឆាបឆេះនៅពេលទៀបភ្លឺ ឈានចូលថ្ងៃសៅរ៍នេះតែម្តង ដោយក្រុមពន្លត់អគ្គីភ័យ នៃទីក្រុង Batumi ជាប់ឆ្នេរសមុទ្រខ្មៅ បានចំណាយពេលពីរទៅបីម៉ោង ដើម្បីជម្លៀសមនុស្សជាង ១០០នាក់ចេញពីអគារ និងធ្វើការពន្លត់អគ្គីភ័យបានសម្រេច។
សម្រាប់ភ្លៀវមួយចំនួនផងដែរបានទទួលរងរបួស ក្នុងនោះគឺ ជនជាតិតួកគី និងអ៊ីស្រាអែលសរុប ០៣នាក់។ ដោយឡែកមនុស្សស្លាប់វិញ គឺ ១០នាក់ជាជនជាតិហ្សកហ្ស៊ីផ្ទាល់ និងម្នាក់ទៀត ជាជនជាតិអ៊ីរ៉ង់ ហើយមូលហេតុដែលបង្កការឆាបឆេះនេះឡើង គឺមិនទាន់ត្រូវបានបញ្ជាក់នោះឡើយ ប៉ុន្តែនាយករដ្ឋមន្ត្រីហ្សកហ្ស៊ី លោក Kvirikashvili បានផ្អាកដំណើររបស់លោកទៅកាន់រដ្ឋធានី Tbilisi រួចឆ្ពោះមកកាន់ទីក្រុង Batumi វិញដើម្បីពិនិត្យស្ថានភាពជាក់ស្តែង៕