(បរទេស)៖ បន្ទាប់ពីប្រទេសអេហ្ស៊ីប បានទទួលរងការវាយប្រហារដ៏កក្រើក ទៅលើព្រះវិហារមូស្លីមមួយកន្លែង នៅភាគខាងជើងប្រទេសមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ខ្លួន និងបានផ្តាច់យកជីវិតមនុស្សយ៉ាងតិច ២៣៥នាក់នោះ ពិភពលោកបានរួមគ្នា ចេញមុខថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពភេរវកម្មដ៏សាហាវឃោឃៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
អន្តរជាតិបានថ្កោលទោសធ្ងន់ៗចំពោះ ការវាយប្រហាររបស់ក្រុមភេរវករ ទៅលើព្រះវិហារមួយកន្លែង ក្នុងខេត្ត Sinai ខាងជើងប្រទេសអេហ្ស៊ីប ដែលជាដំបូងបានបំផ្ទុះគ្រាប់បែក ហើយបាញ់ប្រហារសម្លាប់អ្នកប្រតិបត្តិសាសនាអ៊ីស្លាម ដែលបានរត់ចេញមកខាងក្រៅ ទាំងភាពភ័យតក់ស្លុត។ ដោយក្នុងចំណោមសហរដ្ឋអាមេរិក អឺរ៉ុប អង្គការសហប្រជាជាតិ ឥណ្ឌា ប៉ាគីស្ថាន អ៊ីរ៉ាក់ អេមីរ៉ាត់អារ៉ាប់រួម, គុយវ៉ែត, ទុយនេស៊ី, លីប៊ី, ស៊ូដង់, ហ្សង់ដានី, ស្រីលង្កា, និងប្រេស៊ីលជាដើម សុទ្ធតែបានចេញសេចក្តីថ្លែងការណ៍ ថោ្កលទោសយ៉ាងខ្លាំងរៀងៗខ្លួន។
គួរជម្រាបថា មកទល់ពេលនេះ ពុំទាន់មានក្រុមភេរវករណាចេញមុខប្រកាសថា ជាទង្វើរបស់ពួកគេនៅឡើយទេ ក៏ប៉ុន្តែការសង្ស័យបានធ្លាក់ទៅលើក្រុមសកម្មប្រយុទ្ធ ISIS ដែលមានបណ្តាញដ៏រឹងមាំ នៅក្នុងខេត្ត Sinai និងតែងតែបានចេញមុខអះអាងថា ជាអ្នករៀបចំប្រតិបត្តិការភេរវកម្មធំៗនៅអេហ្ស៊ីប ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ម៉្យាងវិញទៀតនេះ នេះគឺជាលើកទីមួយហើយ ដែលក្រុមភេរវករ បានមានគោលដៅវាយប្រហារ ទៅលើអ្នកប្រតិបត្តិសាសនាអ៊ីស្លាម នៅអេហ្ស៊ីប៕