(សេអ៊ូល)៖ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha នាថ្ងៃសៅរ៍នេះ បានស្នើសុំការជួយជ្រោមជ្រែងសហគមន៍អន្តរជាតិ ដើម្បីធ្វើឲ្យការប្រកួតកីឡាអូឡាំពិក-ប៉ារ៉ាឡាំពិករដូវរងារ ដែលនឹងប្រព្រឹត្តទៅក្នុងតំបន់ PyeongChang នាឆ្នាំ២០១៨ខាងមុខ គឺជាព្រឹត្តិការណ៍សន្តិភាពមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកស្រី Kang បាននិយាយថា «ប្រទេសកូរ៉េខាងត្បូង នឹងរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា PyeongChang ឆ្នាំ២០១៨ ក្លាយជាព្រឹត្តិការណ៍សន្តិភាពមួយ ដូចទៅដែលយើងបានប្រែក្លាយព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅឯទីក្រុងសេអ៊ូល ជាឱកាសមួយ ដើម្បីកសាងសន្តិភាព កាលពីប្រមាណជា ៣០ឆ្នាំមុនដែរ»។ ប៉ុន្តែលោកស្រីរដ្ឋមន្រ្តីការបរទេស បានបញ្ជាក់ថា វាមិនអាចសម្រេចបានដោយកូរ៉េខាងត្បូងតែឯកឯងឡើយ ហើយលោកស្រី បានស្នើឲ្យមានការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ។
គួរជម្រាបថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា PyeongChang ត្រូវគេគ្រោងនឹងចាប់ផ្តើមប្រាព្ធឡើងនាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំក្រោយ និងបន្តរហូតដល់ថ្ងៃទី២៥ ខែដដែល ខណៈការប្រកួតកីឡាប៉ារ៉ាឡាំពិក នឹងធ្វើឡើងចាប់ពីថ្ងៃទី០៩ ខែមីនា ដល់ថ្ងៃទី១៨ ខែដដែលនៅក្នុង PyeongChang ដូចគ្នា៕