(វ៉ាស៊ីនតោន)៖ វាពិតជាតួលេខនៃមនុស្សស្លាប់ដ៏ច្រើនបំផុតមួយ គិតចាប់តាំងពីឆ្នាំ២០០០ ដល់ ឆ្នាំ២០១៧ ដោយនៅពេញមួយឆ្នាំ២០១៦ ជនភៀសខ្លួនស្វែងរកជោគវាសនាថ្មីសរុបទាំងចាស់ទាំងក្មេង ៥,០៩៦នាក់ បានស្លាប់ដោយសារតែមិនអាចឆ្លងផុតសមុទ្រមេឌីទែរ៉ាណេ ពីមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ទៅកាន់តំបន់អឺរ៉ុបបាន។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
របាយការណ៍ពីអង្គការសហប្រជាជាតិ UN ខាងលើនេះបានឲ្យដឹងទៀតថា «ប៉ុន្មានឆ្នាំចុងក្រោយនេះ ជនភៀសខ្លួនពីមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ទៅកាន់អឺរ៉ុបមានចំនួនជាង ៣៣,០០០នាក់ បានស្លាប់ ដោយសារការលិចទូកនៅក្នុងសមុទ្រមេឌីទែរ៉ាណេ»។ តួលេខនេះគឺគិតចាប់ពីអំឡុងឆ្នាំ២០០០ ដល់ឆ្នាំ២០១៧នេះតែម្តង ដោយក្នុងនោះ UN បានកំណត់ចំនួនជាក់លាក់ថា ជនភៀសខ្លួន ៣៣,៧៦១នាក់បានស្លាប់ និងបាត់ខ្លួន ខណៈឆ្នាំ២០១៦តែឯងមនុស្សចំនួន ៥,០៩៦នាក់បានស្លាប់ ដែលនេះជាចំនួនខ្ពស់ជាងគេបំផុត ប្រៀបធៀបនឹងបណ្តាឆ្នាំឯទៀត។
គួរបញ្ជាក់ថា ប្រជាជនដែលរត់ភៀសខ្លួនច្រើនជាងគេទៅអឺរ៉ុបនោះ គឺមកពីប្រទេសស៊ីរី និងលីប៊ី ក៏ព្រោះតែតំបន់ទាំងនេះ នៅតែកំពុងគ្របដណ្តប់ដោយសង្គ្រាម និងអស្ថិរភាពយ៉ាងខ្លាំង ហើយប្រជាជនដែលបានស្លាប់ភាគច្រើន ក៏មកពីប្រទេសទាំងនេះដូចគ្នា។ ប្រទេសលីប៊ី និងស៊ីរី បានកើតមានសង្គ្រាមកាលពីឆ្នាំ២០១១ ដូចគ្នា ប៉ុន្តែស្ថានភាពនៅស៊ីរី គឺអាក្រក់ខ្លាំងជាងគេ ក៏ព្រោះតែក្រុមប្រឆាំងរដ្ឋាភិបាល នៅតែមានឥទ្ធិពលខ្លាំងក្លា ខណៈដែលក្រុមភេរវករ ISIS ក៏កំពុងប្រយុទ្ធតទល់នឹងរដ្ឋាភិបាលស៊ីរីដដែល៕