(ហារ៉ារេ)៖ ប្រធានាធិបតីថ្មីរបស់ហ្ស៊ីមបាវេ លោក Emmerson Mnangagwa ដែលទើបតែស្បថឡើងកាន់តំណែងបន្ត ពីអតីតមេដឹកនាំ លោក Robert Mugabe ដែលបានយល់ព្រមចុះចេញអំណាចដោយសន្តិវីធី ក្រោយទទួលរងសម្ពាធពីយោធា ក៏ដូចជាបក្សរបស់លោកផ្ទាល់ ព្រមទាំងប្រជាជនហ្ស៊ីមបាវេទាំងមូលនោះ បានសច្ចាថា នឹងនាំយកប្រយោជន៍មកជូនជាតិ ហើយបើកចំហទ្វារប្រទេសអាហ្វ្រិកខាងត្បូងនេះឡើងដល់ពិភពលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
នៅអំឡុងពេលធ្វើការថ្លែងសារ នៃពិធីស្បថឡើងកាន់តំណែងរបស់លោក លោក Mnangagwa បានព្យាយាមផ្តល់ទំនុកចិត្តឡើងវិញ ដល់បណ្តាវិនិយោគិនបរទេសទាំងអស់ ដើម្បីទាក់ទាញមូលធនដែលត្រូវការចាំបាច់បំផុត ក្នុងការស្តារសេដ្ឋកិច្ចជាតិ ដែលកំពុងតែសំយ៉ុងចុះ។
ក្នុងនាមជាមេដឹកនាំថ្មី លោក Emmerson Mnangagwa បាននិយាយថា ហ្ស៊ីមបាវេឥឡូវនេះ ត្រៀមលក្ខណៈរួចរាល់ និងរីករាយជានិច្ច សម្រាប់ការធ្វើទំនាក់ទំនងសាជាថ្មីប្រកបដោយស្ថិរភាព ជាមួយនិងប្រជាជាតិនានានៅទូទាំងពិភពលោក ហើយបានលើកឡើងថា ជម្រើសគន្លឹះសំខាន់ៗ នឹងត្រូវធ្វើឡើង ដើម្បីទាក់ទាញការបណ្តាក់ទុនវិនិយោគផ្ទាល់ពីបរទេស ដើម្បីដោះស្រាយអត្រាអត់ការងារធ្វើ និងកែប្រែមុខមាត់សេដ្ឋកិច្ចជាតិ។ ជាចុងក្រោយ លោក Mnangagwa បានសន្យាថា នឹងនាំយកសករាជថ្មីមកជូនប្រជាជាតិ ក៏ដូចជាប្រជាជនហ្ស៊ីមបាវេទាំងមូល។
គួរជម្រាបថា លោក Robert Mugabe ដែលបានបណ្តេញ លោក Mnagagwa ចេញពីតួនាទីជាអនុប្រធានាធិបតី ដើម្បីឲ្យភរិយារបស់ខ្លួន ឡើងកាន់តំណែងជំនួសវិញនោះ ត្រូវបានបង្ខំឲ្យប្រកាសចុះចេញពីអំណាច កាលពីប៉ុន្មានថ្ងៃមុននេះ ដែលជាទីបញ្ចប់នៃរបបដឹកនាំយូរជាងគេបង្អស់នៅអាហ្រ្វិក ពោលគឺរយៈពេលប្រមាណ ៣៧ឆ្នាំរបស់លោក៕