(ម៉ុងត្រឺ,ប្រទេសស្វីស)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានថ្លែងឲ្យដឹងថា ចិន ឈីលី ឥណ្ឌា កូរ៉េ ចិនតៃបិ និងថៃ ប្រកាសឲ្យប្រទេសអភិវឌ្ឍន៍តិចតួច នាំទំនិញចូលដោយរួចពន្ធ និងមិនកំណត់កូតា។ ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំនៃប្រទេសអភិវឌ្ឍន៍តិចតួច លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណសម្រាប់ការប្រកាសនេះ ព្រោះជាហេតុធ្វើឲ្យការបើកច្រកទីផ្សារសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចមានការកើនឡើងក្នុងការនាំចេញ។
លោក ប៉ាន សូរស័ក្តិ បានថ្លែងដូច្នេះតាមរយៈសុន្ទរកថាបើកកិច្ចប្រជុំជាផ្លូវការសម្រាប់កិច្ចពិភាក្សាត្បូង-ត្បូង (South-South Dialogue) ទាក់ទងនឹងប្រទេសអភិវឌ្ឍន៍តិចតួច និងការអភិវឌ្ឍន៍នៅទីក្រុងម៉ុងត្រឺ (Montreux) ប្រទេស្វីស នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ កិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមបើកពីលោក Xiangchen Zhang អគ្គរដ្ឋទូតចិន លោក Shishir Priyadarshi ប្រធានលេខាធិការដ្ឋានអង្គការពាណិជ្ជកម្មពិភពលោក និងគណៈប្រតិភូនៃសមាជិកអង្គការពាណិជ្ជកម្មពិភពលោកជាង ៨០នាក់។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានគូសរំលេចថា ប្រទេសអភិវឌ្ឍន៍តិចតួចភាគច្រើនចំណូលជាមធ្យមរបស់ប្រជាជនគឺ ១.២៥ដុល្លារអាមេរិក និងបានរួមចំណែក ០.៩% នៃ ផ.ស.ស (GDP) របស់ពិភពលោក។ លទ្ធផលនៃសេដ្ឋកិច្ចទន់ខ្សោយរបស់ប្រទេសអភិវឌ្ឍន៍តិចតួចជាច្រើន បានធ្វើឲ្យមានការថមថយនៃកំណើន ផ.ស.ស (GDP) ជាមធ្យមសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ ដល់ ១.៥% នៅឆ្នាំ ២០១៥ ដែលក្នុងឆ្នាំ ២០១៤ មាន ៣.៣%។
លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការធ្លាក់ចុះបែបនេះ ជាកត្តារារាំងដល់ការកាត់បន្ថយភាពក្រីក្រ និងអូសបន្លាយពេលក្នុងការសម្រេចបាននូវទិសដៅការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាមួយគ្នានេះដែរ គណៈកម្មាធិការស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ របស់អង្គការពាណិជ្ជកម្មពិភពលោកបានគូសបញ្ជាក់ច្បាស់អំពីការបើកច្រកទីផ្សាររបស់ប្រទេសអភិវឌ្ឍន៍តិចតួចពីឆ្នាំ២០០៥ ដល់ ២០១៦ ដែលការនាំចេញទំនិញ និងសេវាកម្មរបស់ប្រទេសអភិវឌ្ឍន៍តិចតួច បានកើនឡើងតិចតួចជាមធ្យម ៦.៤%។
លោករដ្ឋមន្រ្តីបានលើឡើងថា ដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ការអនុគ្រោះពន្ធ និងការអនុញ្ញាតដោយគ្មានកូតាកំណត់ពីបណ្តាប្រទេសអភិវឌ្ឍន៍ គឺជាការរួមចំណែកដ៏សំខាន់បំផុត។
អង្គការពាណិជ្ជកម្មពិភពលោកបានកំណត់ថា រាល់ប្រទេសអភិវឌ្ឍន៍ និងមានសេដ្ឋកិច្ចជឿនលឿន ហើយជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកពិភពលោក គឺមានកាតព្វកិច្ចអនុគ្រោះពន្ធ និងអនុញ្ញាតដោយគ្មានកូតាកំណត់សម្រាប់ប្រទេសមានការអភិវឌ្ឍន៍តិចតួច ដើម្បីចូលរួមចំណែកជំរុញសេដ្ឋកិច្ចរបស់ប្រទេសទាំងអស់នេះ។
បច្ចុប្បន្នប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចមានរហូតដល់ជាង ៤០ប្រទេស ក្នុងនោះតំបន់អាស៊ីមាន ១០ប្រទេស រួមមាន៖ អាហ្វហ្គានីស្ថាន ប៉ង់ក្លាដេស ប៊ូតាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ណេប៉ាល់ ទីម័រ និងយ៉េមែន។
សូមបញ្ជាក់ផងដែរថា កិច្ចពិភាក្សាត្បូង-ត្បូងនេះបានពិភាក្សាផ្តោតសំខាន់លើប្រធានបទសំខាន់ចំនួនបី គឺ ទី(១) បច្ចុប្បន្នភាព និងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោកលើកទី១១ (MC11) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ទី(២) ការពិភាក្សាលើភាពជាដៃគូលើការដោះស្រាយបញ្ហាថ្មីៗ និង ទី(៣) កិច្ចសហប្រតិបត្តិការត្បូង-ត្បូង៕