(អាហ្សង់ទីន)​៖ ប្រធានាធិបតី​អាហ្សង់ទីន លោក Mauricio Macri បានចេញបញ្ជា​ឲ្យបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់​មួយ ទៅលើ​​ករណី​នាវាមុជទឹក ARA San Juan ដែល​បាន​បាត់ខ្លួនដោយ​អាថ៌កំបាំង កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា នៅក្នុងមហាសមុទ្រ​អាត្លង់ទិក​​ខាងត្បូង ជាមួយនិង​ក្រុមនាវិកចំនួន ៤៤នាក់។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោកប្រធានាធិបតី បានថ្លែងប្រាប់ទៅកាន់​ក្រុមអ្ន​កសារព័ត៌មាន ពីទីបញ្ជាការរបស់កងទ័ពជើងទឹកអាហ្សង់ទីន ក្នុងក្រុង Buenos Aires ថា «នេះគឺជាពេលវេលា​ដ៏លំបាកបំផុតមួយ សម្រាប់យើងទាំងអស់គ្នា ជាពិសេស​ក្រុមគ្រួសារ​របស់នាវិកទាំង​​ ៤៤នាក់តែម្តង​។ លោក Macri បាននិយាយថា «ស្ថានការណ៍​បែបនេះ ទាមទារឲ្យមាន​ការស៊ើបអង្កេតដ៏ហ្ម​ត់ចត់ និងស៊ីជម្រៅមួយ ដែលនឹង​បញ្ជាក់​​ច្បាស់ថា តើនាវាមួយគ្រឿង​ដែលបានឆ្លងកាត់​ការជួសជុលត្រឹមត្រូវ​រួចរាល់ ហើយស្ថិតក្នុង​សភាល្អធម្មតា​ថែមទៀត​ បែរជាអាច​ផ្ទុះ​​បានទៅវិញ នេះបើតាមខ្ញុំទទួល​បានដំណឹង»

យ៉ាងណាមិញ លោក Mauricio Macri បានសន្យាថា ប្រតិបត្តិការស្វែងរក នឹងនៅតែបន្ត ជាមួយការជួយជ្រោមជ្រែង​​ពីសំណាក់​សហ​គមន៍​អន្តរជាតិ ដែលអាហ្សង់ទីន​ទទួលបាន។

គួរជម្រាបថា កាលពីម្សិលមិញនេះ កងទ័ពជើងទឹក​អាហ្សង់ទីន​បានរាយការណ៍ថា នាថ្ងៃដែលនាវាមុជទឹក​នោះ​ បានឲ្យដំណឹងពីព្រឹត្តិ​ការណ៍មួយ ដូចទៅនឹង​ហេតុការណ៍ផ្ទុះ ត្រូវគេប្រទះឃើញ​ថា បានកើតមាន​នៅក្នុងតំបន់ ដែលនាវា​មុជទឹក San Juan ធ្វើដំណើរ​។ ទីតាំងចុងក្រោយ​បំផុតរបស់​នាវាមុជទឹក ARA San Juan ដែលគេទទួលបាន​គឺនៅ ឈូងសមុទ្រ San Jorge ដែលមានចម្ងាយ​ ៤៤៤គីឡូម៉ែត្រ ភាគអាគ្នេយ៍​ឧបទ្វីប Valdes៕