(គែរ)៖ យោធាអេហ្ស៊ីបបានបើកប្រតិបត្តិការយ៉ាងក្តៅគគុក តបតទៅលើក្រុមភេរវករ ដែលមានជាប់ពាក់ព័ន្ធ ក្នុងករណីវាយប្រហារដ៏ប្រល័យ នៅព្រះវិហារមួយកន្លែងនៃខេត្ត Sinai ខាងជើង ដែលបានផ្តាច់ជីវិតយ៉ាងហោច ២៣៥នាក់ និងបង្កឲ្យរបួសខ្ទង់រយនាក់ផ្សេងទៀតកាលពីម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
អ្នកនាំពាក្យយោធានៃប្រទេសអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រៅពីនេះ យន្តហោះចម្បាំងកងទ័ពអាកាសអេហ្ស៊ីប ក៏បានវាយលុកកម្ទេចទីតាំងលាក់ខ្លួនមួយចំនួន ដែលមានផ្ទុកសព្វាវុធរបស់ ក្រុមជ្រុលនិយមទាំងនោះផងដែរ។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងប៉ុន្មានម៉ោងក្រោយ មានសកម្មភាពវាយប្រហារភេរវកម្ម ទៅលើព្រះវិហារមួយកន្លែង នៅក្នុងភូមិតូចមួយនៃខេត្ត Sinai ខាងជើង ដែលបានសម្លាប់ជីវិតក្រុមអ្នកប្រតិបត្តិសាសនាយ៉ាងតិច ២៣៥នាក់ និងបណ្តាលឲ្យជាង ១០០នាក់ ទៀតរងរបួស ខណៈវាគឺជាករណីភេរវកម្មដំបូងបំផុត ដែលបានវាយប្រហារទៅលើព្រះវិហារមូស្ល៊ីម នៅក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់អេហ្ស៊ីប។
ទោះជាពុំមានការបញ្ជាក់ថា ក្រុមភេរវករមួយណាឲ្យប្រាកដដែលនៅពីក្រោយ ករណីវាយប្រហារខាងលើយ៉ាងណាក្តី ការសង្ស័យគឺធ្លាក់ទៅលើក្រុមសកម្មប្រយុទ្ធ មានមូលដ្ឋាននៅឧបទ្វីប Sinai ដែលស្មោះស្ម័គ្រនឹងក្រុមភេរវករក្នុងតំបន់គឺពួក ISIS ដែលតែងតែបានចេញមុខអះអាងថា ជាអ្នករៀបចំប្រតិបត្តិការភេរវកម្មធំៗ នៅអេហ្ស៊ីប ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
គួរជម្រាបថា ករណីភេរវកម្មបានចាប់ផ្តើមស្ទុះឡើងខ្លាំងនៅអេហ្ស៊ីប ចាប់តាំងតែពីកម្លាំងយោធា បានទម្លាក់អតីតប្រធានាធិបតី លោក Mohamed Morsi កាលពីខែកក្កដា ឆ្នាំ២០១៣ ក្នុងការឆ្លើបតបទៅនឹងការធ្វើបាតុកម្មទ្រង់ទ្រាយធំជាបន្តបន្ទាប់ ប្រឆាំងនឹងការដឹកនាំរយៈពេលប្រមាណជា ០១ឆ្នាំរបស់លោក ក៏ដូចជាក្រុម Muslim Brotherhood របស់លោក ដែលបច្ចុប្បន្នត្រូវគេចាត់ទុកជាឧក្រិដ្ឋជន។
ក្រោយឧបទ្ទវហេតុដ៏អាក្រក់កាលពីម្សិលមិញ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi បានទទួលការហៅទូរស័ព្ទជាបន្ត បន្ទាប់ពីសំណាក់បណ្តាមេដឹកនាំពិភពលោក ដែលបានចូលរួមមរណទុក្ខ និងបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងដល់អេហ្ស៊ីប ក្នុងយុទ្ធនាការបង្រ្កាបអំពើភេរវកម្មរបស់ប្រទេសមួយនេះ៕