(អេហ្ស៊ីប)៖ ករណីបំផ្ទុះគ្រាប់បែកដ៏កក្រើកបំផុត មិនធ្លាប់កើតមាននៅក្នុងឧបទ្វីបស៊ីណៃ ប្រទេសអេហ្ស៊ីប ភាគខាងជើងនោះ បានបណ្តាលឲ្យមនុស្សស្លាប់ប្រមាណ ១៨៤នាក់ ខណៈមនុស្ស ១២៥នាក់ ទៀតរងរបួស។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន BBC នៅមុននេះបន្តិច ដោយដកស្រង់សម្តីពីមន្ត្រីប៉ូលិសអេហ្ស៊ីប នាយប់ថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការបំផ្ទុះគ្រាប់បែក ត្រូវបានធ្វើឡើងនៅលើព្រះវិហារសាសនាអ៊ីស្លាមមួយកន្លែង នៅក្នុងតំបន់ខាងលើនេះ ខណៈដែលថ្ងៃសុក្រ គឺជាថ្ងៃដែលអ្នកប្រតិបត្តិសាសនានេះ តែងតែចូលទៅធ្វើពិធីបួងសួងតាមបែបសាសនានៅតាមព្រះវិហារនានា។ ប៉ូលិសអេហ្ស៊ីបបានអះអាងថា ក្រុមសកម្មប្រយុទ្ធមួយក្រុម បានធ្វើការវាយប្រហារទៅលើព្រះវិហារក្នុងខេត្ត ឬឧបទ្វីបស៊ីណៃ ដោយប្រើប្រាស់គ្រាប់បែក និងកាំភ្លើងបាញ់រះដ៏កម្រោលបំផុត។
គួរបញ្ជាក់ថា ការបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកនៅឧបទ្វីបស៊ីណៃ គឺជារឿងតែងតែកើតមានជារឿយៗ ប៉ុន្តែលើកនេះគឺមានសភាពធ្ងន់ធ្ងរបំផុត។ សមត្ថកិច្ចអេហ្ស៊ីប មិនទាន់អះអាងពីអត្តសញ្ញាណនៃក្រុមសកម្មប្រយុទ្ធខាងលើនេះទេ ប៉ុន្តែកន្លងគេបានដឹងថា ក្រុមភេរវករ ISIS គឺជាអ្នកដែលតែងតែបានបង្កការវាយប្រហារនៅតំបន់នេះ ជាច្រើនលើកច្រើនសាមកហើយ។ ដោយឡែកមនុស្សរងរបួសមួយចំនួនមានសភាពធ្ងន់ធ្ងរណាស់ ដូច្នេះចំនួនមនុស្សស្លាប់ នឹងអាចបន្តកើនឡើងថែមទៀត៕