(ម៉ុងត្រឹ, ប្រទេសស្វីស)៖ រដ្ឋមន្រ្តីពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានថ្លែងទៅកាន់សមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ថា ស្ថេរភាព និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា គឺជាគន្លឹះដ៏សំខាន់សម្រាប់ជំរុញសន្ទុះពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅកម្ពុជា ហើយក៏ជាកត្តាជួយឲ្យកម្ពុជាអនុវត្តន៍បានដោយជោគជ័យតាមកម្មវិធីរបស់ WTO ក្នុងនាមជាសមាជិករយៈពេលប្រមាណ ១៣ឆ្នាំកន្លងមកនេះ។
លោក ប៉ាន សូរស័ក្តិ បានថ្លែងដូច្នេះក្នុងពិធីពិសាអាហារពេលល្ងាចក្នុងកិច្ចពិភាក្សាត្បូង-ត្បូង (South-South Dialogue) ស្តីពីប្រទេសអភិវឌ្ឍន៍តិចតួច និងការអភិវឌ្ឍន៍ នៅទីក្រុងម៉ុងត្រឺ (Montreux) ប្រទេសស្វីស នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ ពិធីពិសាអាហារពេលល្ងាចនេះ មានការអញ្ជើញចូលរួមពីលោក Xiangchen Zhang អគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន មន្ត្រីអង្គការពាណិជ្ជកម្មពិភពលោក និងគណៈប្រតិភូនៃសមាជិកអង្គការពាណិជ្ជកម្មពិភពលោកជាង ៨០នាក់។
ប្រទេសកម្ពុជាត្រូវបានអង្គការពាណិជ្ជកម្មពិភពលោក កត់សម្គាល់ឃើញបានបំពេញតួនាទីបានយ៉ាងល្អក្នុងរយៈពេលប្រមាណ១៣ឆ្នាំមកនេះ បន្ទាប់ពីបានចូលជាសមាជិកនៅឆ្នាំ២០០៤។ កម្ពុជា ក៏ត្រូវបានកត់សម្គាល់ទៀតថា ជាប្រទេសដែលកំពុងសន្ទុះខ្លាំងទៅលើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ។
នៅចំពោះមុខប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក លោក ប៉ាន សូរស័ក្តិ បានថ្លែងថា មានកត្តាជាច្រើន ដែលបានជំរុញកម្ពុជាទទួលបានជោគជ័យលើវិស័យពាណិជ្ជកម្ម និងវិនិយោគនេះ។ ប៉ុន្តែកត្តាចម្បង និងសំខាន់បំផុតដែលធ្វើឲ្យកម្ពុជាទទួលបានជោគជ័យនេះ គឺដោយសារការរក្សាបានស្ថេរភាព និងសន្តិភាព ដែលជាទំនុកចិត្តដ៏ខ្ពស់បំផុតសម្រាប់អ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា។
បើទោះបីជាយ៉ាងណា លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ប្រទេសជាដៃគូទាំងអស់ ដែលតែងបានចូលរួមសហការយ៉ាងល្អក្នុងការធ្វើកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មជាមួយប្រទេសកម្ពុជា។ លោករដ្ឋមន្រ្តីរំពឹងថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះ នឹងបន្តរក្សា ដើម្បីជួយជំរុញការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះលោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន និងលេខាធិការដ្ឋានអង្គការពាណិជ្ជកម្មពិភពលោក ដែលបានរៀបចំពិធីពិសាអាហារពេលល្ងាចនេះ ដែលផ្តល់ឱកាសសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ផ្លាស់ប្តូរមតិយោបល់ ដើម្បីត្រៀមខ្លួនសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីរបស់អង្គការពាណិជ្ជកម្មពិភពលោកលើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងប៊ូណូហ្សែរេស ប្រទេសអាហ្សង់ទីន ព្រមទាំងស្វែងរកយុទ្ធសាស្រ្តផ្សេងៗ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការត្បូង-ត្បូង (South-South cooperation) ក្នុងគោលបំណងពង្រឹងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ក្នុងចំណោមបណ្តាប្រទេសនៅតំបន់ភាគខាងត្បូងនៃពិភពលោក។
លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់វាគ្មិនទាំងអស់ និងអ្នកចូលរួមក្នុងកិច្ចប្រជុំនេះ ដែលបានចូលរួមពិភាក្សាគ្នាយ៉ាងសកម្ម ក្នុងការត្រួតពិនិត្យលើការអនុវត្តសេចក្តីសម្រេចនានានៅទីក្រុងបាលី និងទីក្រុងណៃរ៉ូប៊ី លើសពីនេះទៀតគឺការត្រួតពិនិត្យលើគម្រោងអាទិភាពរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ដែលកំពុងចរចា៕