(ឡុងដ៍)៖ ចក្រភពអង់គ្លេសលែងជាមហាអំណាចសេដ្ឋកិច្ច មួយក្នុងចំណោម០៥ នៅលើពិភពលោកទៀតហើយ ក្រោយរដ្ឋមន្ត្រីរតនាគារជាតិអង់គ្លេស លោក Philip Hammond សារភាពថា អង់គ្លេសគឺជាមហាអំណាចសេដ្ឋកិច្ចទី០៦ នៅលើលោក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Hammond ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំស្ដីពីកញ្ចប់ថវិកាជាតិកាលពីថ្ងៃពុធ ដោយថែមទាំងទទួលស្គាល់ថា ចក្រភាពអងគ្លេស គឺជាមហាអំណាចសេដ្ឋកិច្ចទី០៦ តាមពីក្រោយប្រទេសបារាំង។ តែទោះជាបែបនេះក្ដី លោកនៅតែមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចអង់គ្លេសនឹងងើបឡើងវិញ បើទោះជាកំពុងរងផលប៉ះពាល់ខ្លះ ដោយសារ Brexit ក៏ដោយ។
«ទីក្រុងឡុងដ៍ គឺជាមជ្ឈមណ្ឌសេវាកម្មហិរញ្ញវត្ថុអន្តរជាតិលេខមួយ នៅលើពិភពលោក និងមានក្រុមហ៊ុនធំៗលំដាប់អន្តរជាតិជាច្រើនផងដែរ ដូច្នេះអ្នកដែលមើលស្រាលយើង នឹងជួបហានិភ័យ»។ នេះបើតាមការអះអាងរបស់ លោក Philip Hammond។
គួរបញ្ជាក់ថា បើតាមលោក Philip Hammond ប្រទេសមានសេដ្ឋកិច្ចធំជាងគេលើលោកតាមលំដាប់លំដោយមាន សហរដ្ឋអាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ បារាំង និងអង់គ្លេស៕