(តូក្យូ)៖ យោធាជើងទឹកអាមេរិកនាថ្ងៃសុក្រនេះ បានសម្រេចបញ្ឈប់ប្រតិបត្តិការតាមស្វែងរក នាវិកអាមេរិក ០៣នាក់ ដែលបាត់ខ្លួនអស់រយៈពេល ០២ថ្ងៃមកហើយ ចាប់តាំងពីយន្តហោះរបស់ពួកគេ បានធ្លាក់នៅលើសមុទ្រហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
យន្តហោះប្រភេទដឹកជញ្ជូន C-2A Greyhound មួយគ្រឿង មានផ្ទុកមនុស្សចំនួន ១១នាក់ បានធ្លាក់កាលពីរសៀលថ្ងៃពុធសប្តាហ៍នេះ នៅចម្ងាយប្រមាណ ៩៣០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃកោះអូគីណាវ៉ា (Okinawa) របស់ប្រទេសជប៉ុន។ ភ្លាមៗមនុស្ស ០៨នាក់ក៏ត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាព។
មុនពេលកើតហេតុ យន្តហោះខាងលើបានធ្វើដំណើរដឹកជញ្ជូនមនុស្ស និងទំនិញពីបន្ទាយទ័ពអាកាស-កងម៉ារីនរបស់អាមេរិក នៅក្រុង Iwakuni ភាគខាងត្បូងជប៉ុន ឆ្ពោះទៅកាន់នាវាដឹកយន្តហោះចម្បាំង USS Ronald Reagan ដែលធ្វើប្រតិបត្តិការនៅសមុទ្រហ្វីលីពីន។
ក្រោយកើតមានឧបទ្ទវហេតុនេះ អាជ្ញាធរអាមេរិកបានឲ្យដឹងថា បញ្ហាគ្រឿងម៉ាស៊ីន ទំនជាកត្តាដែលបានបង្កជាគ្រោះថ្នាក់នេះ ខណៈការស៊ើបអង្កេតល្អិតល្អន់ ត្រូវបានធ្វើឡើង។
ការសម្រេចចិត្តបោះបង់ចោលប្រតិបត្តិការរុករកនិងជួយសង្រ្គោះនេះ ធ្វើឡើងនៅ ០២ថ្ងៃក្រោយ ក្រោយមានកិច្ចប្រឹងប្រែងយ៉ាងសកម្ម ដែលមានការចូលរួមពីសំណាក់នាវា ០៧គ្រឿង មកពីកងទ័ពជើងទឹកអាមេរិក និងកងស្វ័យការពារផ្លូវសមុទ្ររបស់ជប៉ុន ព្រមមានទាំងឧទ្ធម្ភាគចក្រ និងយន្តហោះល្បាត ០៣គ្រឿងទៀត។
គួរជម្រាបថា ហេតុការណ៍គ្រោះថ្នាក់ខាងលើ គឺជាគ្រោះថ្នាក់ថ្មីចុងក្រោយបំផុត ដែលមានជាប់ពាក់ព័ន្ធនឹងកងទ័ពជើងទឹកអាមេរិក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ កាលពីខែសីហាកន្លងទៅ នាវាពិឃាត USS John S McCain បានបុកជាមួយកប៉ាល់ដឹកប្រេង-ឧស្ម័នមួយគ្រឿង នៅក្បែរប្រទេសសិង្ហបុរី ដោយបានផ្តាច់ជីវិតនាវិក ១០នាក់ និងបង្កឲ្យរបួស ០៥នាក់ទៀត ហើយពីរខែមុននាវាពិឃាត USS Fitzgerald និងកប៉ាល់ទឹកទំនិញមួយគ្រឿង បានក៏ទង្គិចគ្នានៅក្បែរប្រទេសជប៉ុន ហើយសម្លាប់ជីវិតនាវិក ០៧នាក់៕